ខន្ធបព្វ្វ

ក្បាលទី 13 · ទំព័រ 860

ដោយការកំណត់នីវរណៈ ៥ យ៉ាងនេះ ។ តែក្នុងនីវរណបព្វៈនេះ ព្រះយោគាវចរនាំយកការកើតឡើង និងការសូន្យ ទៅដោយអយោនិសោមនសិការ ឬយោនិសោមនសិការក្នុងសុភនិមិត្ត ជាដើម ដោយន័យដែលបានត្រាស់ហើយ ក្នុងនីវរណៈ ៥ ។ សេចក្តីបន្ទាប់ នេះទៅ មានន័យដូចពោលមកហើយនោះឯង ។ សតិជាគ្រឿងកំណត់នីវរណៈ ក្នុងនីវរណបព្វៈនេះ ជាទុក្ខសច្ចតែម្យ៉ាង បណ្ឌិតគប្បីប្រកបសេចក្តីដូចពណ៌នាមកនេះ ហើយជ្រាបគន្លងនៃធម៌ជាគ្រឿង នាំចេញចាកទុក្ខរបស់ភិក្ខុ ដែលកំណត់នីវរណៈជាអារម្មណ៍ សេចក្តីក្នុងទីដ៏ សេស ក៏ដូច្នោះដូចគ្នានោះឯង ។ អធិប្បាយ នីវរណបព្វៈ ចប់ ខន្ធបព្វៈ ព្រះមានព្រះភាគ កាលទ្រង់ចែកធម្មានុបស្សនាដោយនីវរណៈ ៥ យ៉ាងនេះហើយ ឥឡូវនេះ ដើម្បីទ្រង់ចែកដោយបញ្ចក្ខន្ធ ទើបត្រាស់ ពាក្យថា បុន ចបរំ ជាដើម ។ បណ្តាបទទាំងនោះ បទថា បញ្ចសុ ឧបទានក្ខន្ធេសុ សេចក្តីថា កង នៃឧបាទាន ឈ្មោះថា ឧបទានក្ខន្ធ អធិប្បាយថា ក្រុមនៃធម៌ គឺគំនរនៃ ធម៌ដែលជាបច្ច័យនៃឧបាទាន ឈ្មោះថា ធម្មរាសី សេចក្តីសង្ខេបក្នុងបញ្ចក្ខន្ធ នេះ មានប្រមាណបុណ្ណេះ ។ ឯសេចក្តីពិស្តាររឿងខន្ធ បានពោលហើយក្នុង គម្ពីរវិសុទ្ធិមគ្គ ។ បទថា ឥតិ រូបំ សេចក្តីថា ដឹងរូបដោយសភាវៈថា នេះរូប រូបមាន បុណ្ណេះ រូបដទៃក្រៅអំពីនេះមិនមាន ។ សូម្បីក្នុងវេទនាជាដើម ក៏ន័យនេះ ដូចគ្នា ។ សេចក្តីសង្ខេបក្នុងពាក្យនេះមានបុណ្ណេះ ។ ឯដោយពិស្តារ រូប ជាដើម លោកពោលមកហើយ ក្នុងរឿងខន្ធ ក្នុងគម្ពីរវិសុទ្ធិមគ្គនោះឯង ។