អាយតនបព្វ្វ

ក្បាលទី 13 · ទំព័រ 862

នៃភិក្ខុដែលកំណត់ខន្ធជាអារម្មណ៍ ។ ពាក្យដ៏សេសក៏យ៉ាងនោះ ដូចគ្នា ។ ខន្ធបព្វៈ ចប់ អាយតនបព្វៈ ព្រះមានព្រះភាគ កាលទ្រង់ចែកធម្មានុបស្សនាដោយបញ្ចក្ខន្ធ យ៉ាងនេះហើយ ឥឡូវនេះ ដើម្បីទ្រង់ចែកដោយអាយតនៈ ទើបត្រាស់ពាក្យ ថា បុន ចបរំ ជាដើម ។ បណ្តាបទទាំងនោះ បទថា ឆសុ អជ្ឈត្តិកពាហិរេសុ អាយតនេសុ បានដល់ អាយតនៈខាងក្នុង ៦ គឺភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត និងអាយតនៈខាងក្រៅ ៦ គឺរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ធម្មារម្មណ៍ ។ បទថា ចក្ខុំ ច បជានាតិ បានដល់ ដឹងចក្ខុបសាទ ដោយលក្ខណៈនៃ កិច្ចតាមសេចក្តីពិត ។ បទថា រូបេ ច បជានាតិ សេចក្តីថា ដឹងច្បាស់នូវរូប ដែលមាន សមុដ្ឋាន ៤ យ៉ាងខាងក្រៅផង ដោយលក្ខណៈនៃចិត្តតាមសេចក្តីពិតផង ។ ពាក្យថា យញ្ច តទុភយំ បដិច្ច ឧប្បជ្ជតិ សំយោជនំ សេចក្តីថា ព្រោះអាស្រ័យអាយតនៈទាំង ២ យ៉ាង គឺភ្នែកផង រូបផង សំយោជនៈ ១០ យ៉ាង គឺកាមរាគសំយោជនៈ បដិឃៈ មានះ ទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ភវរាគៈ ឥស្សា មច្ឆរិយៈ និងអវិជ្ជា សំយោជនៈណាមួយរមែងកើតឡើង លោកដឹងច្បាស់សំយោជនៈនោះដោយលក្ខណៈតាមការពិតផង ។ សួរថា សំយោជនៈនេះកើតឡើងបានដូចម្តេច ឆ្លើយថា នឹងពោលក្នុង ចក្ខុទ្វារមុន កាលលោកពេញចិត្ត ត្រេកអររីករាយ ក្នុងឥដ្ឋារម្មណ៍ដែលមកកាន់ គន្លងចក្ខុ ដោយអំណាចនៃការពេញចិត្តក្នុងឥដ្ឋារម្មណ៍ កាមរាគសំយោជនៈនឹងកើតឡើង ។ កាលក្រោធក្នុងអនិដ្ឋារម្មណ៍ បដិឃសំយោជនៈ នឹងកើតឡើង។