ចូឡសីហនាទសូត្រទី ១

ក្បាលទី 14 · ទំព័រ 2

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពនរបស់អនាថបិណ្ឌិកសេដ្ឋីជិតក្រុងសាវត្ថី ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ ។ ភិក្ខុទាំងឡាយនោះ បានទទួលភាសិតរបស់ព្រះមានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សមណៈ ( ទី ១ ) ( គឺ សោតាបន្ន ) មានតែក្នុងសាសនានេះ សមណៈ ទី ២ ( គឺ សកទាគាមី ) ក៏មានតែក្នុងសាសនានេះ សមណៈទី ៣ ( គឺ អនាគាមី ) ក៏មានតែក្នុងសាសនានេះ សមណៈទី ៤ ( គឺអរហន្ត ) ក៏ មានតែក្នុងសាសនានេះ វាទៈ ( គឺ ទិដ្ឋិ ៦២ ) របស់សាសនាដទៃសូន្យចាក សមណៈទាំងឡាយ ( ដែលស្ថិតនៅក្នុងផលទាំង ៤ ពួក ) និងសមណៈ ទាំងឡាយដទៃ ( ដែលស្ថិតនៅក្នុងមគ្គទាំង ៤ ពួកជាដើម ) ម្នាលភិក្ខុ ទាំងឡាយ អ្នកទាំងឡាយចូរបន្លឺនូវសីហនាទដោយប្រពៃយ៉ាងនេះឯងចុះ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះរមែងមាន គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ ១តិរ្ថ ប្រែថា កំពង់ សំដៅយកទិដ្ឋិ ៦២ ព្រោះពួកសត្វ តែងឆ្លង តែងជាប់ជំពាក់ក្នុងលទ្ធិ ទាំងនេះ ។ ពួកអ្នកបួសដែលប្រកាន់លទ្ធិទាំងនេះ ហៅថា តិរ្ថិយ ។ តិរ្ថិយដទៃ គឺផ្សេងពី ពុទ្ធសាសនា ហៅថា អន្យតិរ្ថិយ ។ ក្នុងលោកនេះ សមជានិយាយយ៉ាងនេះថា លោកមានអាយុទាំងឡាយបានអ្វី ជាគ្រឿងអាង បានអ្វីជាកម្លាំង ដែលជាហេតុឲ្យលោកមានអាយុទាំងឡាយ ពិចារណាឃើញច្បាស់ក្នុងខ្លួន ហើយពោលយ៉ាងនេះថា សមណៈ ( ទី ១ ) មានតែក្នុងសាសនានេះ សមណៈទី ២ មានតែក្នុងសាសនានេះ សមណៈទី ៣ មានតែក្នុងសាសនានេះ សមណៈទី ៤ មានតែក្នុងសាសនានេះ វាទៈ របស់សាសនាដទៃសូន្យចាកសមណៈទាំងឡាយ និងសមណៈទាំងឡាយដទៃ