អដ្ឋកថា ចូឡទុក្ខក្ខន្ធសូត្រទី ៤
ចូឡទុក្ខក្ខន្ធសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់មកដូច្នេះ ។ បណ្តាបទទាំងនោះ បទថា សក្កេសុ បានដល់ ក្នុងជនបទ មានឈ្មោះ យ៉ាងនោះ ។ ជនបទនោះ ដល់នូវការរាប់ថា សក្យា ព្រោះជាទីលំនៅរបស់ រាជកុមារអ្នកសក្យៈទាំងឡាយ ។ ការកើតឡើងនៃសក្យៈទាំងឡាយ មកហើយ ក្នុងអម្ពដ្ឋសូត្រនោះឯង ។ បទថា កបិលវត្ថុស្មឹ គឺក្នុងនគរមានឈ្មោះ យ៉ាងនោះ ។ ពិតហើយ នគរនោះ ហៅថា កបិលពស្តុ ព្រោះជានគរដែល សាងឡើងក្នុងទីនៅរបស់ឥសី ឈ្មោះកបិល ។ ធ្វើនគរនោះជាទីគោចរគាម ។ បទថា និគ្រោធារាមេ សេចក្តីថា ស្តេចសក្យៈព្រះនាមថា និគ្រោធ កាល ព្រះមានព្រះភាគ ទ្រង់យាងមកក្រុងកបិលពស្តុ ក្នុងញាតិសមាគម ព្រះអង្គ ម្ចាស់និគ្រោធសាងវត្តក្នុងឧទ្យានរបស់ព្រះអង្គ វេរថ្វាយដល់ព្រះមានព្រះភាគ ព្រះមានព្រះភាគប្រថាប់នៅក្នុងនិគ្រោធារាមនោះ ។ បទថា មហានាមោ បានដល់ ព្រះជេដ្ឋា គឺបងរបស់ព្រះអនុរុទ្ធ ទ្រង់ជាឱរសរបស់ព្រះ ចូឡបិតុលានៃព្រះមានព្រះភាគ ។ ស្តេច ៥ អង្គ គឺព្រះបាទសុទ្ធោទនៈ ព្រះបាទ សុក្កោទនៈ ព្រះបាទសក្កោទនៈ ព្រះបាទធោតោទនៈ ព្រះបាទអមិតោទនៈ ទ្រង់ជាបងប្អូននឹងគ្នា ព្រះទេវីឈ្មោះថា អមិតា ទ្រង់ជាព្រះភគិនី គឺប្អូនស្រី របស់ស្តេចទាំងនោះ ព្រះតិស្សត្ថេរជាបុត្ររបស់ព្រះនាងអមិតានោះ ព្រះ តថាគត និងព្រះនន្ទត្ថេរជាព្រះឱរសរបស់ព្រះបាទសុទ្ធោទនៈ ព្រះមហានាម និងព្រះអនុរុទ្ធ ជាឱរសរបស់ព្រះបាទសុក្កោទនៈ ព្រះអានន្ទត្ថេរ ជាព្រះឱរស របស់ព្រះបាទអមិតោទនៈ ព្រះអានន្ទជាព្រះកនិដ្ឋរបស់ព្រះមានព្រះភាគ ព្រះបាទ មហានាម ទ្រង់ចាស់ជាង ជាព្រះសកទាគាមីអរិយសាវ័ក ។