ចេតោខីលសូត្រទី ៦
ខ្ញុំបានស្តាប់យកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋីជិតក្រុងសាវត្ថី ។ ក្នុងទីនោះ ឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រ ព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មិនបានលះបង់នូវបង្គោលរបស់ចិត្តទាំង ៥ ប្រការ និងមិនបានផ្តាច់បង់ នូវចំណងរបស់ចិត្តទាំង ៥ ប្រការហើយ ភិក្ខុនោះឯងនឹងដល់នូវសេចក្តី ចម្រើនលូតលាស់ ដុះដាលក្នុងធម្មវិន័យនេះដូច្នេះ នេះមិនមែនជាឋានៈទេ ។ បង្គោលរបស់ចិត្តទាំង ៥ ប្រការដែលភិក្ខុនោះមិនបានលះបង់ តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សង្ស័យមិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្តា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ណាសង្ស័យ មិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្តាហើយ ចិត្តរបស់ភិក្ខុនោះមិនឱនទៅ ដើម្បីធ្វើព្យាយាមជាគ្រឿងដុតនូវកិលេស ដើម្បី ប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវ ព្យាយាមឡើយ ។ ចិត្តរបស់ភិក្ខុណាមិនឱនទៅ ដើម្បីធ្វើព្យាយាមជាគ្រឿង ដុតនូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុកនូវព្យាយាមទេ នេះឈ្មោះថា ជាបង្គោលរបស់ចិត្តទី ១ ដែល ភិក្ខុនោះមិនបានលះបង់ហើយយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុសង្ស័យ មិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លាក្នុងធម៌ ។ បេ ។ សង្ស័យ មិនដាច់ស្រេច មិនជឿស៊ប់ មិនជ្រះថ្លាក្នុងសង្ឃ ។ បេ ។