អដ្ឋកថា ចេតោខីលសូត្រទី ៦

ក្បាលទី 14 · ទំព័រ 252

ចេតោខីលសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់មកដូច្នេះ ។ ក្នុងចេតោខីលសូត្រនោះ ការដែលចិត្តជាធម្មជាតរឹងត្អឹង ការ ដែលចិត្តជាចំណង ការដែលចិត្តជាបង្គោល ឈ្មោះថា ចេតោខីលា ។ បទថា ចេតសោ វិនិពន្ធា សេចក្តីថា កិលេសជាគ្រឿងជាប់ស្អិតនៃចិត្ត ព្រោះ អត្ថថា ចងចិត្ត ដូចធ្វើទុកក្នុងកណ្តាប់ដៃ ។ សេចក្តីចម្រើនដោយសីល ការ ដុះដាលដោយមគ្គ ការធំទូលាយដោយព្រះនិព្វាន ឬសេចក្តីចម្រើនដោយ សីល សមាធិ ការដុះដាលដោយវិបស្សនាមគ្គ ការបរិបូណ៌ដោយផល និង ព្រះនិព្វាន ក្នុងបទជាដើមថា វុឌ្ឍឹ ។ បទថា សត្ថរិ កង្ខតិ សេចក្តីថា ភិក្ខុសង្ស័យ ក្នុងព្រះសរីរៈ ឬព្រះគុណរបស់ព្រះសាស្តា ។ កាលភិក្ខុសង្ស័យក្នុងព្រះសរីរៈ ក៏រមែង សង្ស័យថា ព្រះសរីរៈដែលប្រដាប់ដោយព្រះលក្ខណៈដ៏ប្រសើរ ៣២ ប្រការមាន ឬមិនមានហ្ន៎ កាលសង្ស័យក្នុងព្រះគុណ រមែងសង្ស័យថា ព្រះ សព្វញ្ញុតញ្ញាណដែលអាចដឹងអតីត អនាគត និងបច្ចុប្បន្ន មាន ឬមិនមាន ហ្ន៎ ។ បទថា វិចិកិច្ឆតិ សេចក្តីថា កាលពិចារណា រមែងសង្ស័យ គឺ រមែងដល់នូវសេចក្តីទុក្ខ រមែងមិនអាចវិនិច្ឆ័យ ។ បទថា នាធិមុច្ចតិ សេចក្តី ថា រមែងមិនបានទទួលនូវការបង្អោនចិត្តទៅថា នុ៎ះពិតជាដូច្នោះ ។ បទថា ន សម្បសីទតិ សេចក្តីថា រមែងមិនអាចដើម្បីឈមចុះក្នុងព្រះគុណទាំងឡាយ ហើយជ្រះថ្លា ដោយភាពជាអ្នកប្រាសចាកការសន្ទិះសង្ស័យ គឺដើម្បី ជាអ្នកអស់សង្ស័យ ។ បទថា អាតប្បាយ សេចក្តីថា ដើម្បីប្រយោជន៍ ដល់ការធ្វើសេចក្តីព្យាយាមជាគ្រឿងដុតកម្តៅកិលេស ។ បទថា អនុយោគាយ សេចក្តីថា ដើម្បីសេចក្តីព្យាយាមរឿយៗ ។