ទ្វេធាវិតក្កសូត្រទី ៩
ខ្ញុំបានស្តាប់មកហើយយាងនេះ ។ សម័យមួយ ព្រះមាន ព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ឆ្លើយតបព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតនៅជាពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ ក្នុងកាល មុនអំពីការត្រាស់ដឹង មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ត្រូវធ្វើវិតក្កឲ្យជាចំណែកពីរៗ ម្នាលភិក្ខុទាំងឡាយ ( លុះត្រិះរិះដូច្នេះ ហើយ ) តថាគតនោះឯង ក៏ធ្វើនូវកាមវិតក្ក ព្យាបាទវិតក្ក និងវិហិង្សាវិតក្កៈ នេះឲ្យជាចំណែកទី ១ ធ្វើនូវនេក្ខម្មវិតក្កៈ អព្យាបាទវិតក្ក និងអវិហិង្សាវិតក្កៈ នេះឲ្យជាចំណែកទី ២ ។ ម្នាលភិក្ខុទាំងឡាយ កាលដែលតថាគតនោះ ជា អ្នកមិនប្រមាទ មានព្យាយាមជាគ្រឿងដុតនូវកិលេស មានចិត្តបញ្ជូនទៅ យ៉ាងនេះហើយ កាមវិតក្កនោះកើតឡើង តថាគតដឹងច្បាស់យ៉ាងនេះថា កាមវិតក្កនេះ កើតឡើងដល់តថាគតហើយ កាមវិតក្កៈនោះឯង តែងប្រព្រឹត្ត ទៅដើម្បីបៀតបៀនខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅដើម្បីបៀតបៀនទាំងពីរខាង គឺខ្លួនឯង និងបុគ្គលដទៃផង ( កាម- វិតក្កនេះ ) ជាធម៌ធ្វើបញ្ញាឲ្យរលត់ ជាចំណែកនៃសេចក្តីចង្ហៀតចង្អល់ មិន ប្រព្រឹត្តទៅដើម្បីព្រះនិព្វានទេ ម្នាលភិក្ខុទាំងឡាយ កាលតថាគតពិចារណា ឃើញថា កាមវិតក្កនេះតែងប្រព្រឹត្តទៅដើម្បីបៀតបៀនខ្លួនដូច្នេះ ក៏កាមវិតក្កៈ នោះដល់នូវសេចក្តីវិនាសទៅ ម្នាលភិក្ខុទាំងឡាយ កាលតថាគតទើបតែ ពិចារណាឃើញថា