រឿងតិស្សសាមណេរ

ក្បាលទី 14 · ទំព័រ 348

ក៏គប្បីកាន់យកមូលកម្មដ្ឋាន មកអង្គុយចុះ មិនគប្បីជាអ្នកផ្តើមនវកម្ម គឺការកសាង ឡើយ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះថា លោកទម្លាយអកុសលវិតក្កមិនទាន់បាន ក៏មិនមានឱកាសមនសិការកម្មដ្ឋាន ។ បណ្ឌិតក្នុងកាលមុន ធ្វើនវកម្ម ក៏ត្រូវទម្លាយអកុសលចិត្តជាមុនសិន ។ ក្នុងសេចក្តីនេះ មានរឿង ជាឧទាហរណ៍ដូចតទៅនេះ រឿង តិស្សសាមណេរ បានឮថា ព្រះឧបជ្ឈាយ៍របស់សាមណេរ អាស្រ័យនៅក្នុងមហាវិហារ ឈ្មោះថា តិស្សៈ សាមណេរពោលនឹងឧបជ្ឈាយ៍ថា បពិត្រលោកម្ចាស់ ខ្ញុំ ក្រវល់ក្រវាយ ចង់លាសិក្ខា ។ កាលនោះព្រះថេរៈបានពោលនឹងសាមណេរ ថា ក្នុងវិហារនេះរកទឹកងូតបានលំបាក លោកចូរនាំខ្ញុំទៅត្រង់ចិត្តលបព៌ត ។ សាមណេរបានធ្វើយ៉ាងនោះ ។ ព្រះថេរៈបានពោលនឹងសាមណេរក្នុងទីនោះ ថា វិហារនេះ ជារបស់ចំពោះសង្ឃ លោកចូរធ្វើ គឺសាងទីលំនៅថ្មីឲ្យជាទី អាស្រ័យនៅចំពោះបុគ្គលម្នាក់ ។ សាមណេរទទួលពាក្យថា សាធុ លោក ម្ចាស់ ហើយសាមណេរក៏ផ្តើមវត្ថុទាំង ៣ ព្រមគ្នា គឺការរៀនគម្ពីរសំយុត្តនិកាយ តាំងអំពីដើម ការជម្រះដីត្រង់ញកភ្នំ និងការបរិកម្មតេជោកសិណ និងបានញ៉ាំងកម្មដ្ឋាននោះឲ្យដល់អប្បនា ញ៉ាំងការរៀនសំយុត្តនិកាយឲ្យចប់ ហើយផ្តើមធ្វើនវកម្មក្នុងវិហារ លោកបានធ្វើនវកម្មទាំងពួងឲ្យសម្រេចហើយ ទើបប្រាប់ឲ្យឧបជ្ឈាយ៍ជ្រាប ។ ព្រះឧបជ្ឈាយ៍ពោលថា សាមណេរ ទីលំនៅ ចំពោះបុគ្គលម្នាក់ លោកធ្វើសម្រេចក្នុងថ្ងៃនេះបានដោយលំបាក លោកនោះ ឯងចូរនៅ ដូច្នេះ ។ សាមណេរនោះ កាលនៅក្នុងគុហាអស់រាត្រី បានឧតុស ប្បាយ ទើបញ៉ាំងវិបស្សនាឲ្យចម្រើន ហើយសម្រេចអរហត្ត បរិនិព្វាន ហើយក្នុងវិហារនោះឯង ។ ជនទាំងឡាយ កាន់យកធាតុរបស់សាមណេរ កសាងព្រះចេតិយ ។