ចូឡគោសិង្គសាលសូត្រទី ១

ក្បាលទី 14 · ទំព័រ 356

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក៏សម័យ នោះឯង ព្រះមោលិយផគ្គុនមានអាយុ នៅច្រឡូកច្រឡំជាមួយនឹងពួកភិក្ខុនី ហួសវេលា ។ ព្រះមោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំជាមួយនឹង ពួកភិក្ខុនីយ៉ាងនេះ ។ បើមានភិក្ខុណាមួយ ពោលទោសពួកភិក្ខុនីទាំងនោះ ក្នុងទីចំពោះមុខព្រះមោលិយផគ្គុនមានអាយុ មោលិយផគ្គុនមានអាយុ ក៏ខឹង អាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ដោយហេតុនោះផង ។ បើមានភិក្ខុណាមួយ ពោលទោសព្រះមោលិយផគ្គុនមានអាយុ ក្នុងទីចំពោះមុខពួកភិក្ខុនីទាំងនោះ ពួកភិក្ខុនីក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ដោយហេតុនោះផង ។ ព្រះមោលិយផគ្គុនមានអាយុ តែងនៅច្រឡូកច្រឡំដោយពួកភិក្ខុនីយ៉ាងនេះ ។ គ្រានោះ មានភិក្ខុ ១ រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុ នោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានបុណ្យដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុនមានអាយុ នៅច្រឡូកច្រឡំជាមួយនឹង ពួកភិក្ខុនីហួសវេលា បពិត្រព្រះអង្គដ៏ចម្រើន មោលិយផគ្គុនមានអាយុ តែង នៅច្រឡូកច្រឡំជាមួយនឹងពួកភិក្ខុនីយ៉ាងនេះ បើមានភិក្ខុណាមួយ ពោល ទោសភិក្ខុនីទាំងនោះ ក្នុងទីចំពោះមុខមោលិយផគ្គុនមានអាយុ មោលិយផគ្គុនមានអាយុ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ដោយហេតុនោះផង បើមានភិក្ខុណាមួយ ពោលទោសមោលិយផគ្គុនមានអាយុ ក្នុងទីចំពោះមុខ ភិក្ខុនីទាំងនោះ ភិក្ខុនីទាំងអម្បាលនោះ ក៏ខឹងអាក់អន់ចិត្ត ថែមទាំងធ្វើអធិករណ៍ដោយហេតុនោះផង បពិត្រព្រះអង្គដ៏ចម្រើន មោលិឃ