អត្ថរបស់ ធូម សព្ទ

ក្បាលទី 14 · ទំព័រ 481

ផ្ចុងផ្តើមយ៉ាងនេះ ក៏នៅតែមានការបែកធ្លាយទៅជាធម្មតា កាយនេះ មាន សភាពយ៉ាងនេះ ។ លោកពោលកាយដែលតាំងឡើងដោយបទ គឺ មាតាបេត្តិកសម្ភវឱទន កុម្មាសឧបចយ ឧច្ឆាទន និង បរិមន្ទន ក្នុងពាក្យនោះ ។ លោកពោលការរលត់ គឺ អនិច្ច ឧច្ឆាទន ភេទន វិទ្ធំសន ភាវៈដែលខ្ពស់ ទាប សេចក្តីចម្រើន ការវិនាស ការកើត និងការរលត់នៃកាយដែលកើតអំពី មហាភូតទាំង ៤ គប្បីជ្រាបថា លោកពោលដោយបទទាំង ៧ យ៉ាង ដោយប្រការដូច្នេះ ។ បទថា ទិវា កម្មន្តេ បានដល់ ការងារដែលគប្បីធ្វើក្នុងពេលថ្ងៃ ។ ធូម សព្ទ ក្នុងបទថា ធូមាយនា នេះ ប្រព្រឹត្តទៅក្នុងអត្ថទាំងនេះ គឺសេចក្តីក្រោធ តណ្ហា វិតក្ក កាមគុណ ៥ ធម្មទេសនា ផ្សែងតាមប្រក្រតី ។ ពិតហើយ ធូម សព្ទ ប្រព្រឹត្តទៅក្នុងសេចក្តីក្រោធ ដូចក្នុងប្រយោគជាដើមថា កោធោ ធូមោ ភស្មនិម្មោសវជ្ជំ សេចក្តីក្រោធ ដូចជាផ្សែង ពាក្យកុហក ដូចជាផេះ ។ ប្រព្រឹត្តទៅក្នុងតណ្ហា ដូចក្នុងប្រយោគជាដើមថា ឥច្ឆាធូមាយិតា សត្តា សត្វទាំងឡាយមានតណ្ហាដូចជាផ្សែង ។ ប្រព្រឹត្តទៅក្នុងវិតក្កៈ ដូចក្នុងប្រយោគ ជាដើមថា តេន ខោ បន សមយេន អញ្ញតរោ ភិក្ខុ ភគវតោ អវិទូរេ ធូមាយន្តោ និសិន្នោ ហោតិ សម័យនោះ ភិក្ខុមួយរូបអង្គុយត្រិះរិះ ដូចជា ផ្សែងក្នុងទីមិនឆ្ងាយអំពីព្រះមានព្រះភាគ ។ ប្រព្រឹត្តទៅក្នុងកាមគុណ ៥ ដូចក្នុងប្រយោគជាដើមថា បង្កោ ច កាមា បលិបេ ច កាមា ភយញ្ច មេតំ តិមូលំ បវុត្តំ រជោ ច ធូមោ ច មយា បកាសិតា ហិត្វា តុវំ បព្វជ្ជ ព្រហ្មទត្តាតិ ។ កាមទាំងឡាយដូចភក់ផង កាមទាំងឡាយដូចគ្រឿងស្អិតផង នេះជាភ័យ មានឫសគល់ ៣ យ៉ាង ដែលព្រះសម្ពុទ្ធពោលទុកហើយ កាមទាំងឡាយ ដូចធូលីផង ដូចផ្សែងផង ដែលអាត្មាប្រកាសហើយ បពិត្រព្រះរាជា