ចូឡសច្ចកសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុងសម័យ នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ នេវាបិកជន ( ជន អ្នកដាំដំណាំ ) មិនមែនដាំដំណាំជាចំណីដើម្បីពួកម្រឹគ ដោយគិតថា ពួកម្រឹគ ចូរទំពាស៊ីនូវដំណាំដែលអាត្មាអញដាំហើយនេះ ជាសត្វមានអាយុវែង មាន សម្បុរល្អ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានយូរអង្វែងចុះ ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ នេវាបិកជន ដាំនូវដំណាំដើម្បីពួកម្រឹគ ដោយគិតយ៉ាង នេះវិញទេថា ពួកម្រឹគនឹងចូលមកលុកលុយដំណាំដែលអាត្មាអញដាំហើយនេះ ក៏មុខជានឹងភ្លេចខ្លួនស៊ីនូវភោជនទាំងឡាយ លុះចូលមកលុកលុយ ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយហើយ នឹងដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ នឹងដល់នូវសេចក្តីប្រមាទ លុះមានសេចក្តីប្រមាទហើយ ជាសត្វគួរអាត្មាអញ នឹងធ្វើតាមសេចក្តីប្រាថ្នាបាន ព្រោះដំណាំនេះ ។ ម្នាលភិក្ខុទាំងឡាយ បណ្តាសត្វម្រឹគទាំងនោះ ពួកសត្វម្រឹគ ទី ១ ចូលទៅលុកលុយដំណាំ ដែលនេវាបិកជនដាំឯណោះហើយ ក៏ភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះពួកម្រឹគទាំងនោះចូលទៅលុកលុយ ភ្លេចខ្លួនក្នុង ដំណាំនោះហើយស៊ី ក៏ដល់នូវសេចក្តីស្រវឹង លុះស្រវឹងហើយ ក៏ដល់នូវ សេចក្តីប្រមាទ លុះប្រមាទហើយ ជាសត្វគួរនេវាបិកជន នឹងធ្វើតាមសេចក្តី ប្រាថ្នាបាន ព្រោះដំណាំឯណោះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ពួកម្រ ឹគទី ១ ទាំងនោះ នឹងមិនរួចអំពីឥទ្ធានុភាពរបស់នេវាបិកជនទេ ។