មហាសច្ចកសូត្រទី ៦
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង សាវត្ថី ។ គ្រានោះឯង ព្រះមានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុង បុព្វណ្ហសម័យ ហើយស្តេចទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ។ លំដាប់ នោះឯង ពួកភិក្ខុច្រើនរូបចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ ហើយ បាននិយាយនឹងព្រះអានន្ទយ៉ាងនេះថា ម្នាលអានន្ទមានអាយុ យើង ចំពោះព្រះភក្ត្រព្រះមានព្រះភាគមកយូរហើយ ម្នាលអាវុសោអានន្ទ សូមឲ្យយើងទាំងឡាយ បានស្តាប់ធម្មីកថាចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគផង ។ ព្រះអានន្ទឆ្លើយតបថា លោកមានអាយុទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយ ចូលទៅកាន់អាស្រមរបស់រម្មក ព្រាហ្មណ៍ ទើបលោកទាំងឡាយនឹងបានស្តាប់ធម្មីកថា ចំពោះព្រះភក្ត្រនៃព្រះមាន ព្រះភាគ ។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ ។ គ្រានោះ ព្រះមានព្រះភាគ ស្តេចទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រឡប់មកពីបិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលាក្រោយភត្ត ទើប ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅកាន់ ប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ដើម្បីឈប់សម្រាកក្នុងវេលាថ្ងៃ ។ ព្រះអានន្ទមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះ អង្គ ។ គ្រានោះឯង ព្រះមានព្រះភាគ ព្រមទាំងព្រះអានន្ទមានអាយុចូលទៅកាន់ ប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ ។ លុះព្រះមានព្រះភាគ ចេញចាកផលសមាបត្តិ ក្នុងសាយ័ណ្ហសម័យហើយ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅកាន់ បន្ទប់ទឹក