ចូឡតណ្ហាសង្ខយសូត្រទី ៧

ក្បាលទី 14 · ទំព័រ 664

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះ មានព្រាហ្មណ៍ម្នាក់ ឈ្មោះជាណុស្សោណិ ទឹមរថដោយសេះស សុទ្ធ បរចេញអំពីក្រុងសាវត្ថី ទាំងកំពុងថ្ងៃត្រង់ ។ ជាណុស្សោណិព្រាហ្មណ៍ បានឃើញបិលោតិកបរិព្វាជក ( បរិព្វាជកអ្នកស្លៀកសំពត់ចាស់ ) កំពុង ដើរមកអំពីចម្ងាយ លុះឃើញជាក់ហើយ ទើបសួរបិលោតិកបរិព្វាជកដូច្នេះ ថា លោកវច្ឆាយនៈដ៏ចម្រើនមកអំពីទីណា ទាំងកំពុងថ្ងៃត្រង់នេះ ។ បិលោតិកបរិព្វាជកឆ្លើយថា ម្នាលអ្នកដ៏ចម្រើន អាត្មាមកអំពីសំណាក់ព្រះសមណគោតមនេះទេតើ ។ លោកដ៏ចម្រើនដឹងថា ព្រះសមណគោតមមានប្រាជ្ញា និងសេចក្តីវាងវៃ ល្មមឲ្យហៅថា ជាបណ្ឌិតបានឬទេ ។ ម្នាលអ្នកដ៏ចម្រើន អាត្មាឯណា នឹងដឹងនូវបញ្ញា និងសេចក្តីវាងវៃរបស់ព្រះសមណគោតមបាន បើបុគ្គលណាដឹងនូវបញ្ញា និងសេចក្តីវាងវៃ របស់ព្រះសមណគោតមបាន ហើយ បុគ្គលនោះឯងនឹងប្រាកដដូចជាព្រះសមណគោតមនោះដែរ ។ ម្តេចក៏ វច្ឆាយនៈដ៏ចម្រើនពោលសរសើរព្រះសមណគោតម ដោយពាក្យសរសើរដ៏ ខ្ពង់ខ្ពស់ដល់ម្លេះ ។ ម្នាលអ្នកដ៏ចម្រើន អាត្មាខានសរសើរព្រះសមណគោតម ដូចម្តេចបាន ( ដ្បិត ) ព្រះសមណគោតមដ៏ចម្រើននោះ ប្រសើរជាងអ្នក ដែលប្រសើរ គឺប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ។ លោកវច្ឆាយនៈ ដ៏ចម្រើន ឃើញនូវអានិសង្ស នៃប្រយោជន៍ដូចម្តេច បានជាជ្រះថ្លាក្នុងព្រះសមណ គោតមយ៉ាងនេះ ។ បិលោតិកបរិព្វាជកឆ្លើយថា ម្នាលអ្នកដ៏ចម្រើន អាត្មាខាន ជ្រះថ្លាយ៉ាងនេះក្នុងព្រះសមណគោតម ដូចម្តេចបាន ម្នាលអ្នកដ៏ចម្រើន ដូចជា ព្រានដំរីដ៏ឈ្លាស ចូលទៅកាន់ព្រៃដំរី ព្រានដំរីនោះ បានឃើញស្នាមជើង ដំរីដ៏ធំ ក្នុងព្រៃដំរី