អដ្ឋកថា ចូឡសច្ចកសូត្រទី ៥

ក្បាលទី 15 · ទំព័រ 126

ចូឡសច្ចកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម បណ្តាបទទាំងនោះ បទថា មហាវនេ កូដាគារសាលាយំ សេចក្តីថា ព្រៃធំ កើតឯង មិនបានដាំ ឈ្មោះថា មហាវ័ន ។ ឯព្រៃមហាវ័នជិតក្រុងកបិលភស្តុ ជាប់គ្នាជាមួយនឹងព្រៃហិមពាន្ត មិនមានកំណត់ ទល់គ្នានឹងមហាសមុទ្រ ។ ព្រៃនេះ មិនមែនដូច្នោះឡើយ ឈ្មោះថា ព្រៃមហាវ័ន ព្រោះអត្ថថា ជាព្រៃធំ មានកំណត់ ។ ឯកូដាគារសាលា កាលសាងអារាមស្រេចហើយ ទើបធ្វើ កូដាគារទុកខាងក្នុង ប្រក់ដំបូលដោយគ្រឿងប្រក់ មានសណ្ឋានដូចសត្វហង្ស និងចាប ប្រក់ហើយ គប្បីជ្រាបថា ជាព្រះគន្ធកុដិរបស់ព្រះមានព្រះភាគ ដល់ ព្រមដោយអាការទាំងពួង ។