អដ្ឋកថា មហាសច្ចកសូត្រទី ៦
ក្បាលទី 15 · ទំព័រ 192
មហាសច្ចកសូត្រ មានបទផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ ដោយ ៣ បទថា ឯកំ សមយំ ១ តេន ខោ បន សមយេន ១ បុព្វណ្ហសមយំ ១ លោកពោលជាសម័យមួយ ។ វេលាពួកភិក្ខុ បដិបត្តិខ្លួន លុបមុខ កាន់បាត្រ និងចីវរ ថ្វាយបង្គំព្រះចេតិយ ហើយ ឈរនៅក្នុងរោង ត្រិះរិះថា អញនឹងចូលទៅស្រុកណា ។ សម័យបែបនេះ ព្រះមានព្រះភាគ ឃ្លុំសំពត់ ២ ជាន់ ចងវត្ថពន្ធចង្កេះ ទ្រង់ចីវរបង្សុកូល ឆៀងស្មា ស្តេចចេញអំពីព្រះគន្ធកុដិ ដែលពួកភិក្ខុចោមរោម ប្រថាប់ឈរ ត្រង់មុខព្រះគន្ធកុដិ ។ សច្ចកនិគន្ថបុត្រ សំដៅយកសេចក្តីនោះហើយ ទើប ពោលថា ឯកំ សមយំ តេន ខោ បន សមយេន បុព្វណ្ហសមយំ ដូច្នេះ ។