ចូឡគោសិង្គសាលសូត្រទី ១
ក្បាលទី 15 · ទំព័រ 2
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងព្រះពន្លាឥដ្ឋ ទៀបនាទិកគ្រាម ។ សម័យនោះឯង ព្រះអនុរុទ្ធមាន អាយុ ព្រះនន្ទិយៈមានអាយុ ព្រះកិមិលៈមានអាយុ នៅក្នុងព្រៃឈ្មោះ គោសិង្គសាលវ័ន ។ គ្រានោះ ព្រះមានព្រះភាគ ចេញចាកទីសម្ងំ ក្នុង សាយ័ណ្ហសម័យ ហើយចូលទៅក្នុងព្រៃគោសិង្គសាលវ័ននោះ ។ អ្នករក្សា ព្រៃបានឃើញព្រះមានព្រះភាគ កំពុងស្តេចទៅអំពីចម្ងាយ លុះឃើញហើយក៏ និយាយនឹងព្រះមានព្រះភាគយ៉ាងនេះថា នែសមណៈ សូមលោកកុំចូលទៅក្នុង ព្រៃនុ៎ះឡើយ ព្រោះក្នុងព្រៃនុ៎ះ មានកុលបុត្រ ៣ រូប ជាអ្នកប្រាថ្នានូវ ប្រយោជន៍បម្រុងខ្លួន សូមលោកកុំធ្វើនូវសេចក្តីអផ្សុកដល់កុលបុត្រទាំងនោះ ឡើយ ។