អដ្ឋកថា មហាគោបាលសូត្រ

ក្បាលទី 15 · ទំព័រ 81

មហាគោបាលសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងមហាគោបាលសូត្រនោះ មាន ៣ កថា គឺ ឯកនាលិកា ១ ចតុរស្សា ១ និស្សិន្នវត្តិកា ១ ។ ការពោលបាលីក្នុងកថាទាំង ៣ នោះ ពោលអត្ថតែមួយបទ ឈ្មោះថា ឯកនាលិកា ។ ការសម្តែងនាយគោបាល ដែលមិនឈ្លាស សម្តែងភិក្ខុដែលមិនឈ្លាស សម្តែងនាយគោបាលដែល ឈ្លាស សម្តែងភិក្ខុដែលឈ្លាស ពោលសង្គ្រោះទុកជា ៤ ពួក ឈ្មោះថា ចតុរស្សា ។ ការសម្តែងនាយគោបាលដែលមិនឈ្លាស ទៅដល់ទីបំផុត ការ សម្តែងភិក្ខុដែលមិនឈ្លាស ទៅដល់ទីបំផុត ការសម្តែងនាយគោបាលដែល ឈ្លាស ទៅដល់ទីបំផុត ការសម្តែងភិក្ខុដែលឈ្លាស ទៅដល់ទីបំផុត នេះ ឈ្មោះថា និស្សិន្នវត្តិកា ។ កថានេះ អាចារ្យទាំងពួង ក្នុងធម្មវិន័យប្រព្រឹត្ត មកហើយ ។ បទថា ឯកាទសហិ ភិក្ខវេ អង្គេហិ គឺដោយចំណែកនៃ ទោស ១១ យ៉ាង ។ បទថា គោគណំ ប្រែថា ហ្វូងគោ ។ បទថា បរិហរិតុំ បានដល់ នាំត្រាច់ទៅ ។ បទថា ផាតិកាតុំ បានដល់ ឲ្យដល់នូវ សេចក្តីចម្រើន ។ បទថា ឥធ គឺក្នុងលោកនេះ ។ បទថា ន រូបញ្ញូ ហោតិ បានដល់ រមែងមិនស្គាល់រូបដោយការរាប់ ឬដោយពណ៌ ។ ឈ្មោះថា រមែងមិនស្គាល់ដោយការរាប់ គឺរមែងមិនចេះរាប់គោរបស់ខ្លួនថា ១០០ ឬ ។ នាយគោបាលនោះ កាលមេគោត្រូវសម្លាប់ ឬគេចទៅ រាប់ហ្វូង គោហើយ ដឹងថា ថ្ងៃនេះ មេគោបុណ្ណេះបាត់ទៅ ដូច្នេះ រមែងមិនស្វែងរក ដោយចូលព្រៃ ឬត្រាច់ទៅអស់ចន្លោះស្រុក ២-៣ ។ កាលមេគោរបស់អ្នកដទៃ ចូលទៅកាន់ហ្វូងគោរបស់ខ្លួន រាប់ចំនួនហើយ ដឹងថា គោទាំងនេះ ប្រមាណបុណ្ណេះ មិនមែនជារបស់ខ្លួន ដូច្នេះ មិនយករំពាត់ដេញវាយចេញ ទៅ សូម្បីគោរបស់បុគ្គលនោះដែលបាត់ទៅហើយ ក៏បាត់ទៅ ។