ចូឡសច្ចកសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ គង់នៅក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី ។ សម័យនោះឯង និគន្ថបុត្រ ឈ្មោះ សច្ចកៈ នៅក្នុងក្រុងវេសាលី ជាអ្នកពោលនូវតិរច្ឆានកថា ពោលថា ខ្លួនជាអ្នកប្រាជ្ញ មហាជនសន្មតថា ជាអ្នកមានលទ្ធិល្អ ។ សច្ចក និគន្ថបុត្រនោះ តែងពោលវាចានាកណ្តាលបរិស័ទ ក្នុងក្រុងវេសាលីយ៉ាងនេះ ថា បុគ្គលណាដែលអាត្មាអញ លើកឡើងនូវទោស ដោយសម្តីហើយ មិន កក្រើក មិនរំភើប មិនញាប់ញ័រ ទាំងញើសក៏មិនហូរចេញអំពីក្លៀក របស់ បុគ្គលណា អាត្មាអញមិនឃើញនូវបុគ្គលនោះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ជាអ្នកមានពួក មានគណៈ ជាអាចារ្យនៃគណៈ ឬពុំនោះសោត បានប្តេជ្ញា ខ្លួនថាជាអរហន្តសម្មាសម្ពុទ្ធទេ ឯអាត្មាអញ បើលើកឡើងនូវទោសដោយ ពាក្យសម្តី ចំពោះទៅលើបង្គោល ដែលជារបស់គ្មានចេតនាសោះ ឯបង្គោល នោះ លុះអាត្មាអញលើកឡើង នូវទោសដោយពាក្យសម្តីហើយ គប្បីកក្រើក រំភើបញាប់ញ័រ ចាំបាច់ពោលទៅថ្វី ដល់មនុស្សជាតផងគ្នា ។ លំដាប់នោះឯង ព្រះអស្សជិមានអាយុ ស្លៀកស្បង់ ទ្រង់នូវ បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត ។ សច្ចកនិគន្ថបុត្រ កំពុងដើរសសៀរៗ ទៅ ដើម្បីសម្រាកស្មង ក្នុង ក្រុងវេសាលី ក៏បានឃើញព្រះអស្សជិមានអាយុ កំពុងនិមន្តទៅអំពីចម្ងាយ លុះឃើញហើយ ក៏ចូលសំដៅទៅរកព្រះអស្សជិមានអាយុ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះអស្សជិមានអាយុ លុះបញ្ចប់ពាក្យ ដែលគួរឲ្យកើតសេចក្តីរីករាយ និងពាក្យដែលគួររពឫកហើយ ក៏ឋិតនៅក្នុងទី ដ៏សមគួរ ។ លុះសច្ចកនិគន្ថបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបពោល ពាក្យនេះ នឹងព្រះអស្សជិមានអាយុថា បពិត្រព្រះអស្សជិ ដ៏