អដ្ឋកថា ចូឡសច្ចកសូត្រ
បទថា សច្ចកោ និគន្ថបុត្តោ សេចក្តីថា បានឮថា ក្នុងកាលមុន បុរសនិគ្រន្ថម្នាក់ និងស្ត្រីនិគ្រន្ថម្នាក់ រៀនបានវាទៈម្នាក់ ៥០០ ហើយគិតថា អញនឹងលើកវាទៈ ដូច្នេះ កាលត្រាច់ទៅក្នុងជម្ពូទ្វីប មកជួបគ្នាក្នុងក្រុង វេសាលី ។ ពួកស្តេចលិច្ឆវីឃើញហើយ ទើបសួរថា លោកជានរណា លោកជានរណា ដូច្នេះ ។ បុរសនិគ្រន្ថទូលថា ទូលព្រះបង្គំត្រាច់ទៅក្នុងជម្ពូទ្វីប ដោយគិតថា នឹងលើកវាទៈ ដូច្នេះ ។ ស្រីនិគ្រន្ថក៏បានក្រាបទូលយ៉ាងនោះ ។ ស្តេចលិច្ឆវីត្រាស់ថា បើដូច្នោះ សូមលោកលើកវាទៈដល់គ្នានឹងគ្នាក្នុងទីនេះ ចុះ ។ ទើបស្រីនិគ្រន្ថសួរវាទៈ ៥០០ ដែលខ្លួនរៀនហើយ ។ បុរសនិគ្រន្ថ បានឆ្លើយហើយ កាលបុរសនិគ្រន្ថសួរ ស្រីនិគ្រន្ថក៏ឆ្លើយបានទាំងអស់ ។ ជនទាំង ២ មិនមានអ្នកណាឈ្នះ អ្នកណាចាញ់ បានជាអ្នកស្មើគ្នា ។ ស្តេច លិច្ឆវីត្រាស់ថា លោកទាំង ២ នាក់ស្មើគ្នា នឹងត្រាច់ទៅធ្វើអ្វី ចូរនៅក្នុងទីនេះ ចុះ ព្រះរាជទានផ្ទះ ទ្រង់ឲ្យនូវសួយ ។ ព្រោះការនៅរួមគ្នានៃជនទាំង ២ នាក់នោះ ក៏កើតបានកូនស្រី ៤ នាក់ គឺនាងសច្ចា ១ លោលា ១ បដាចារា ១ សិលាវតកា ១ ធីតាទាំងនោះ ក៏បានជាបណ្ឌិតទាំងអស់គ្នា បានរៀនវាទៈ ម្នាក់ ៥០០ ដែលមាតាបិតារៀនមកហើយ ។ ស្រីទាំងនោះចម្រើនវ័យ បាន ពោលនឹងមាតាបិតាថា អ្នកម៉ែ ឈ្មោះថា កុលទារិការបស់យើង មិនត្រូវឲ្យ ប្រាក់ និងមាសជាដើម ហើយបញ្ជូនទៅកាន់ផ្ទះនៃត្រកូល ឯបុគ្គលណាគ្រប់គ្រង ផ្ទះ ដែលអាចញាំញីវាទៈរបស់ស្រីទាំងនោះបាន ស្រីទាំងនោះ នឹងជា បាទបរិចារិការបស់បុគ្គលនោះ បើបុគ្គលណាជាអ្នកបួស អាចញាំញីវាទៈនៃ ស្រីទាំងនោះបាន ស្រីទាំងនោះក៏នឹងបានបួសក្នុងសម្នាក់របស់បុគ្គលនោះ ពុក ម៉ែ នឹងធ្វើដូចម្តេច ដូច្នេះ