មហាសច្ចកសូត្រទី ៦

ក្បាលទី 15 · ទំព័រ 155

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ដោយល្អ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចពុទ្ធដំណើរចូលទៅក្នុងក្រុងវេសាលីដើម្បីបិណ្ឌបាត ។ គ្រានោះ សច្ចកនិគន្ថបុត្រ កំពុងចង្រ្កម កំពុងត្រាច់ទៅដោយលំដាប់ៗ ដើម្បីសម្រាកស្មង ហើយចូលទៅកាន់កូដាគារសាលា នាមហាវ័ននោះ ។ ព្រះអានន្ទមានអាយុ បានឃើញសច្ចកនិគន្ថបុត្រ កំពុងតែដើរមកអំពីចម្ងាយ លុះបានឃើញហើយក៏ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សច្ចកនិគន្ថបុត្រនេះ ជាអ្នកពោលតិរច្ឆានកថា ជាអ្នកពោលថាខ្លួនជាអ្នកប្រាជ ជនច្រើន នាក់សន្មតគាត់ថា ជាអ្នកត្រឹមត្រូវ ឥឡូវនេះកំពុងដើរមក បពិត្រព្រះអង្គដ៏ ចម្រើន សច្ចកនិគន្ថបុត្រនេះ ជាអ្នកប្រាថ្នារកទោសព្រះពុទ្ធ ប្រាថ្នារកទោស ព្រះធម៌ ប្រាថ្នារកទោសព្រះសង្ឃ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់គង់មួយរំពេច អាស្រ័យសេចក្តីអនុគ្រោះ ។ ព្រះមានព្រះភាគទ្រង់ គង់លើអាសនៈដែលគេតាក់តែងហើយ ។ គ្រានោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅ រកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ មួយអន្លើ ដោយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ រពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះសច្ចកនិគន្ថបុត្រ អង្គុយនៅក្នុងទីសមគួរហើយ បានក្រាប ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកមួយ ខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវកាយភាវនា ( វិបស្សនា ) មិនបានខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវចិត្តភាវនា ( សមថៈ ) ឡើយ ។