មហាតណ្ញាសង្ខយសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចសម្រាន្តព្រះឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ភិក្ខុឈ្មោះសាតិ ជាកូននៃព្រានសំណាញ់ មានទិដ្ឋិអាក្រក់ កើតឡើងយ៉ាងនេះថា វិញ្ញាណនេះរមែងស្ទុះទៅ អន្ទោលទៅ មិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគទ្រង់សម្តែងហើយ យ៉ាងនោះដែរ ។ ពួកភិក្ខុជាច្រើន រូបបានឮដំណឹងថា សាតិភិក្ខុកេវដ្តបុត្រ មានទិដ្ឋិអាក្រក់កើតឡើងយ៉ាង នេះថា វិញ្ញាណនេះរមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃ ឡើយ យ៉ាងណា អាត្មាអញក៏បានដឹងច្បាស់ នូវធម៌ដែលព្រះមានព្រះភាគ សម្តែងហើយ យ៉ាងនោះដែរ ។ ទើបភិក្ខុទាំងនោះ ចូលទៅរកសាតិភិក្ខុ កេវដ្តបុត្រ លុះចូលទៅដល់ហើយ បានសួរសាតិភិក្ខុកេវដ្តបុត្រដូច្នេះថា ម្នាល អាវុសោសាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើងយ៉ាងនេះថា វិញ្ញាណ នេះរមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា អាត្មាអញក៏បានដឹងច្បាស់នូវធម៌ដែលព្រះមានព្រះភាគសម្តែងហើយ ក៏ យ៉ាងនោះដែរ ដូច្នេះមែនឬ ។ សាតិភិក្ខុកេវដ្តបុត្រឆ្លើយតបថា ម្នាល អាវុសោទាំងឡាយ វិញ្ញាណរមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជា អ្វីដទៃ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសម្តែង ហើយ យ៉ាងនោះដែរ ដូច្នេះមែន ។ គ្រានោះ ភិក្ខុទាំងនោះមានបំណងនឹង ដោះសាតិភិក្ខុកេវដ្តបុត្រឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះ ទើបនិយាយពន្យល់ដាស់តឿន ក្រើនរំលឹកថា ម្នាលអាវុសោសាតិ អ្នកកុំនិយាយយ៉ាងនេះឡើយ អ្នក កុំនិយាយបង្កាច់ព្រះមានព្រះភាគ ព្រោះថា ការដែលពោលបង្កាច