មហាអស្សបុរសូត្រទី ៩
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគមរបស់អ្នកដែនអង្គៈ ឈ្មោះអស្សបុរៈ ទៀបដែនអង្គៈ ។ ក្នុងកាលនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាល ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទូលតបព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាល ភិក្ខុទាំងឡាយ អ្នកផងតែងស្គាល់ច្បាស់នូវអ្នកទាំងឡាយ ថាជាសមណៈៗ ដូច្នេះ ឯអ្នកទាំងឡាយបើមានអ្នកផងសួរថា លោកទាំងឡាយជាអ្វី ក៏ចូរ ប្តេជ្ញាថា យើងទាំងឡាយជាសមណៈ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយនោះមានឈ្មោះយ៉ាងនេះ ប្តេជ្ញាយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរសិក្សាយ៉ាងនេះថា ធម៌ទាំងឡាយណាដែលធ្វើឲ្យជាសមណៈ ផង ធ្វើឲ្យជាព្រាហ្មណ៍ផង ពួកយើងនឹងសមាទានប្រព្រឹត្តធម៌ទាំងនោះ ឈ្មោះ របស់ពួកយើងនេះ ក៏នឹងពិតយ៉ាងនេះ ទាំងការប្តេជ្ញាក៏ប្រាកដយ៉ាងនេះ មួយ វិញទៀត យើងទាំងឡាយបរិភោគនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខាររបស់ជនទាំងឡាយណា សក្ការៈទាំងឡាយនោះដែល ជនទាំងនោះ ( បូជា ) ដល់យើងទាំងឡាយ នឹងទៅជាសក្ការៈមានផលច្រើន មានអានិសង្សច្រើន ឯបព្វជ្ជារបស់ពួកយើង មិនមែនជាឥតអំពើទេ នឹងមាន ផល មានសេចក្តីចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ដែលធ្វើឲ្យជាសមណៈ ទាំង ធ្វើឲ្យជាព្រាហ្មណ៍ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី សិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ ។ ម្នាល ភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយមានសេចក្តីត្រិរិះយ៉ាងនេះថា ពួកយើង ជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈហើយ កិច្ចដែលពួកយើងធ្វើហើយ