អដ្ឋកថា មហាអស្សបុរសូត្រ

ក្បាលទី 15 · ទំព័រ 315

មហាអស្សបុរសូត្រ មានបទផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងមហាអស្សបុរសូត្រនោះ បទថា អង្កេសុ បានដល់ ពួក អ្នកដែនជនបទ ឈ្មោះអង្គៈ ។ ទីនៅប្រថាប់នៃស្តេចអង្គៈទាំងនោះ សូម្បីជា ជនបទមួយ ក៏ហៅថា អង្គា ដូច្នេះ, ព្រោះ សព្ទ ពង្រីកសេចក្តីដល់ក្នុងអង្គ ជនបទនោះ ។ បទថា អស្សបុរំ នាម អង្គានំ និគមោ សេចក្តីថា និគម មួយនៃអង្គជនបទ មានវោហារដែលបានហើយ ដោយឈ្មោះក្រុងថា អស្សបុរៈ អធិប្បាយថា ព្រះមានព្រះភាគ ទ្រង់ធ្វើនិគមនោះឲ្យជាគោចរគ្រាមហើយ ប្រថាប់នៅ ។ បទថា ភគវា ឯតទវោច សេចក្តីថា ព្រះមានព្រះភាគ បាន ត្រាស់ពុទ្ធវចនៈថា ម្នាលភិក្ខុទាំងឡាយ អ្នកផងតែងស្គាល់ច្បាស់នូវអ្នក ទាំងឡាយ ថាជាសមណៈៗ ដូច្នេះជាដើម ។ ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគត្រាស់យ៉ាងនេះ ។ បានឮថា ក្នុង និគមនោះ មនុស្សទាំងឡាយមានសទ្ធាជ្រះថ្លា មានការរាប់អានព្រះពុទ្ធថា ជា របស់អញ រាប់អានព្រះធម៌ថា ជារបស់អញ រាប់អានព្រះសង្ឃថា ជារបស់ អញ សូម្បីឃើញសាមណេរដែលបួសក្នុងថ្ងៃនោះ ក៏ធ្វើឲ្យដូចជាព្រះថេរៈ មានវស្សារាប់រយ ។ ពួកអ្នកស្រុកទាំងនោះ ឃើញភិក្ខុសង្ឃចូលទៅបិណ្ឌបាតក្នុងវេលាព្រឹក សូម្បីកាន់ពូជ និងនង្គ័លជាដើមទៅកាន់ស្រែ កាន់វត្ថុ មាន ពូថៅជាដើមចូលទៅកាន់ព្រៃ ក៏ដាក់ឧបករណ៍ទាំងនោះ ហើយបោសសម្ហាតទី សម្រាប់គង់របស់ភិក្ខុសង្ឃ ឬអាសនៈសាលា មណ្ឌប គល់ឈើ ហើយ ក្រាលអាសនៈទាំងឡាយ រៀបជើងបាត្រ និងទឹកផឹក ហើយនិមន្តឲ្យភិក្ខុសង្ឃ គង់ ប្រគេនបបរ និងខាទនីយៈជាដើម បញ្ជូនភិក្ខុសង្ឃដែលធ្វើភត្តកិច្ចស្រេច ហើយទៅ ទើបកាន់ឧបករណ៍ទាំងឡាយនោះ អំពីទីនោះ ទៅកាន់ស្រែ ឬព្រៃ ធ្វើការងារទាំងឡាយរបស់ខ្លួន ។