អដ្ឋកថា ចូឡអស្សបុរសូត្រ
ចូឡអស្សបុរសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ហេតុនៃការសម្តែងព្រះសូត្រនេះ ដូចគ្នានឹងសូត្រមុននោះឯង ។ បទថា សមណសាមីចិប្បដិបទា បានដល់ បដិបទាដែលសមគួរដល់ សមណៈទាំងឡាយ គឺបដិបទាដែលឧបការៈដល់សមណៈទាំងឡាយ ។ ក្នុងបទថា សមណមលានំ ជាដើម សេចក្តីថា ធម៌ទាំងឡាយនេះ កាលកើតឡើង រមែងធ្វើសមណៈទាំងឡាយឲ្យមានមន្ទិល គឺមន្ទិល ចាប់ ព្រោះដូច្នោះ ទើបព្រះមានព្រះភាគត្រាស់ថា ជាមន្ទិលរបស់សមណៈ ។ សមណៈទាំងឡាយ រមែងវិនាស រមែងប្រទូស្តដោយមន្ទិលទាំងនោះ ព្រោះ ដូច្នោះ ទើបត្រាស់ថា ជាទោសរបស់សមណៈ ។ ធម៌ទាំងនេះ កើតឡើង ហើយ រមែងធ្វើសមណៈទាំងឡាយឲ្យដូចជាសំរាម អស់នូវឱជៈ ឲ្យក្រៀម ស្ងួត ព្រោះដូច្នោះ ទើបត្រាស់ថា ដូចទឹកអម្ចត់របស់សមណៈ ដូច្នេះ ។ បទថា អបយិកានំ ឋានានំ សេចក្តីថា ហេតុឲ្យកើតក្នុងអបាយ ។ បទថា ទុគ្គតិវេទនីយានំ សេចក្តីថា ជាបច្ច័យនៃការសោយវិបាកក្នុងទុគ្គតិ ។ បទថា មតជន្នាម សេចក្តីថា ពួកមនុស្សកោសដែករឹងដោយដែក ហើយច្របល់កម្ទេចដែកនោះជាមួយសាច់ឲ្យសត្វក្រៀលស៊ី សត្វក្រៀលទាំងនោះ មិនអាចបន្ទោបង់ឧច្ចារៈក៏ស្លាប់ បើមិនស្លាប់ ក៏វាយឲ្យស្លាប់ ។ កាលបើ ដូច្នោះ ក៏វះពោះរបស់សត្វក្រៀលទាំងនោះ យកទឹកលាងកម្ទេចដែកទាំង នោះ កាន់យកកម្ទេចដែកទាំងនោះ លាយជាមួយសាច់ ឲ្យក្រៀលទាំងឡាយ ស៊ី ធ្វើយ៉ាងនោះរហូត ៧ ដង ហើយធ្វើអាវុធដោយកម្ទេចដែកដែលកាន់យក ហើយ ជាងដែកដែលសិក្សាល្អហើយ បានមូលហេតុហត្ថកម្មដ៏ច្រើន រមែង ធ្វើអាវុធនោះ ទើបគេហៅអាវុធនោះថា មតជ ព្រោះកើតអំពីបក្សីដែលស្លាប់ ហើយ ។ អាវុធនោះ ជាអាវុធមុតថ្លាក្រៃពេក ។