សាលេយ្យកសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេចទៅកាន់ទីចារិក ក្នុងកោសលជនបទ ជាមួយនឹងព្រះភិក្ខុសង្ឃច្រើន រូប បានស្តេចទៅដល់ស្រុកព្រាហ្មណ៍ ឈ្មោះសាលៈ ជាខេត្តរបស់កោសល ជនបទ ។ ពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកសាលៈ បានឮ ( ដំណឹង ) ហើយ ក៏ប្រកាសពាក្យនេះថា ម្នាលគ្នាយើង ឮថា ព្រះសមណគោតមជា សក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ទ្រង់ស្តេចទៅកាន់ទីចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើនរូប ឥឡូវស្តេចមកដល់សាលគ្រាមហើយ ។ កិត្តិសព្ទដ៏ល្អរបស់ព្រះគោតមដ៏មានព្រះភាគនោះ ល្បីឮខ្ចរខ្ចាយ យ៉ាងនេះថា ព្រះមានព្រះភាគ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គឯង បរិបូណ៌ដោយ វិជ្ជា និងចរណៈ គឺសេចក្តីដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត មានដំណើរ ទៅកាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ចធម៌ លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំង មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយទ្រង់ប្រកាស ព្រះអង្គទ្រង់ សម្តែងធម៌ មានពីរោះបទដើម មានពីរោះបទកណ្តាល មានពីរោះបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌បរិសុទ្ធ ទាំងអស់ ក៏ដំណើរដែលបានឃើញនូវព្រះអរហន្តទាំងឡាយ មានសភាព យ៉ាងហ្ន