ចូឡវេទល្លសូត្រទី ៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ គ្រា នោះឯង ឧបាសកឈ្មោះវិសាខ បានចូលទៅរកធម្មទិន្នាភិក្ខុនី លុះចូលទៅដល់ ហើយ ទើបក្រាបថ្វាយបង្គំធម្មទិន្នាភិក្ខុនី ហើយក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះវិសាខឧបាសក អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូល សួរធម្មទិន្នាភិក្ខុនី យ៉ាងនេះថា បពិត្រព្រះនាងជាម្ចាស់ ព្រះមានព្រះភាគតែង ត្រាស់ថា សក្កាយៈ សក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចខ្លះ ដែល ព្រះមានព្រះភាគត្រាស់ថា សក្កាយៈ ។ ធម្មទិន្នាភិក្ខុនីតបថា ម្នាលអាវុសោ វិសាខ ឧបាទានក្ខន្ធ ៥ ប្រការ នេះឯង ដែលព្រះមានព្រះភាគត្រាស់ថា សក្កាយៈ ឧបាទានក្ខន្ធ ៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ១ ម្នាលអាវុសោវិសាខ ឧបាទានក្ខន្ធទាំង ៥ ប្រការ នេះឯង ដែលព្រះមានព្រះភាគត្រាស់ថា សក្កាយៈ។ វិសាខឧបាសកក៏ត្រេកអរនឹងភាសិតរបស់ធម្មទិន្នាភិក្ខុនីថា ពីរោះណាស់ ព្រះនាង ជាម្ចាស់ ហើយក៏បានសួរប្រស្នានឹងធម្មទិន្នាភិក្ខុនីតទៅទៀតថា បពិត្រព្រះនាង ជាម្ចាស់ ព្រះមានព្រះភាគទ្រង់តែងត្រាស់ថា ហេតុដែលនាំឲ្យកើតសក្កាយៈ ហេតុដែលនាំឲ្យកើតសក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចហ្ន៎ ដែល ព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាហេតុនាំឲ្យកើតសក្កាយៈ ។ ធម្មទិន្នាភិក្ខុនី