អដ្ឋកថា ចូឡវេទល្លសូត្រទី ៤
ចូឡវេទល្លសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា វិសាខោ ឧបសកោ បានដល់ ឧបាសក មានឈ្មោះយ៉ាងនេះថា វិសាខ ។ បទថា យេន ធម្មទិន្នា គឺចូលទៅរក ដល់ទីដែលភិក្ខុនី ឈ្មោះ ធម្មទិន្នានៅ ។ វិសាខនេះ គឺជានរណា នាងធម្មទិន្នាជានរណា ហេតុអ្វី ទើបចូលទៅរក ។ កាលនាងធម្មទិន្នានៅជាគ្រហស្ថ វិសាខជាម្ចាស់នៃផ្ទះ គឺជាស្វាមី ។ កាលព្រះមានព្រះភាគអង្គនោះ បានត្រាស់ដឹងសម្មាសម្ពោធិញ្ញាណ ហើយ ទ្រង់បង្វិលនូវធម្មចក្រដ៏ប្រសើរ ទ្រង់បានដឹកនាំកុលបុត្រ មានយសកុលបុត្រ ជាដើម ទ្រង់យាងដល់តំបន់ឧរុវេលា ។ ក្នុងទីនោះ ទ្រង់បានទូន្មានជដិល មួយពាន់នាក់ ហើយធ្វើពុទ្ធដំណើរទៅកាន់ក្រុងរាជគ្រឹះ ជាមួយបុរាណជដិលភិក្ខុ ដែលជាខីណាស្រព ហើយទ្រង់សម្តែងធម៌ថ្វាយព្រះបាទពិម្ពិសារមហារាជ ដែលទ្រង់យាងមក មួយអន្លើនឹងបរិស័ទមួយសែនពីរម៉ឺននាក់ ដើម្បីគាល់ ព្រះសម្ពុទ្ធ ។ ក្នុងមួយសែនពីរម៉ឺននាក់ ដែលមកជាមួយព្រះរាជាក្នុងកាល នោះ ១ ម៉ឺននាក់ ប្រកាសខ្លួនជាឧបាសក ។ សែន ១ ម៉ឺននាក់ មួយ អន្លើដោយព្រះបាទពិម្ពិសារតាំងនៅក្នុងសោតាបត្តិផល ។ ឧបាសកនេះ ជា មនុស្សម្នាក់ ក្នុងចំនួនបុគ្គលដែលតាំងនៅក្នុងសោតាបត្តិផលនោះ ក្នុងកាល គាល់គ្រាដំបូងនោះឯង ។ ក្នុងថ្ងៃមួយ ក៏បានស្តាប់ធម៌សម្រេចសកទាគាមិ- ផល ថ្ងៃក្រោយមកទៀត បានស្តាប់ធម៌ ទើបបានតាំងនៅក្នុងអនាគាមិផល កាលបានជាព្រះអនាគាមីហើយ មកកាន់ផ្ទះ មិនបានមកដូចថ្ងៃដទៃ ដែល សម្លឹងមើលនោះ មើលនេះ សើចញញឹមញញែម ដើរចូលមក បែរទៅជា មនុស្សស្ងប់ឥន្ទ្រិយ មានចិត្តស្ងប់ ដើរសង្រួមចូលទៅ ។ នាងធម្មទិន្នាបើកបង្អួចបណ្តើរ សម្លឹងមើលទៅត្រង់ថ្នល់បណ្តើរ ឃើញ ហេតុការណ៍ក្នុ