អដ្ឋកថា ចូឡធម្មសមាទានសូត្រទី ៥

ក្បាលទី 15 · ទំព័រ 501

ចូឡធម្មសមាទានសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា ធម្មសមាទានានិ បានដល់ ការកាន់យក ដែលលោកកាន់យកដោយបទថា ធម្ម ដូច្នេះ ។ បទថា បច្ចុប្បន្នសុខំ បានដល់ សេចក្តីសុខដែលកើតក្នុងបច្ចុប្បន្ន ។ សេចក្តីសុខ ក្នុងការប្រមូលមកធ្វើបានងាយ គឺអាចឲ្យពេញបានដោយងាយ ។ បទថា អាយតឹ ទុក្ខវិបកំ បានដល់ ផលដែលជាទុក្ខក្នុងអនាគតកាល ។ គប្បី ជ្រាបអធិប្បាយក្នុងបទទាំងពួងដោយឧបាយនេះ ។ បទថា នត្ថិ កាមេសុ ទោសោ សេចក្តីថា មិនមានទោសក្នុងវត្ថុកាមខ្លះ កិលេសកាមខ្លះ ។ បទថា បតព្យតំ អាបជ្ជន្តិ សេចក្តីថា សមណព្រាហ្មណ៍ទាំងនោះ ដល់នូវការឆ្អែតស្កប់ស្កល់ គឺភាពជាវត្ថុដែលខ្លួនគប្បីផឹក បានដល់ ភាពជា វត្ថុ ដែលខ្លួនគប្បីបរិភោគតាមពេញចិត្ត ដោយកិលេសកាមក្នុងវត្ថុកាម ។ បទថា មោលិពទ្ធាហិ បានដល់ ពួកតាបស និងបរិព្វាជកដែលចង សក់ធ្វើជាកំបោយ ។ បទថា បរិព្វាជិកាហិ បានដល់ អ្នកបួសជាតាបសិនី ។ បទថា ឯវមាហំសុ គឺរមែងពោលយ៉ាងនេះ ។ បទថា បរិញ្ញំ បញ្ញបេន្តិ បានដល់ រមែងបញ្ញត្តការលះ គឺការឈានកន្លង ។ បទថា មាលុវាសិបដិកា បានដល់ ចង្កោមផ្លែជ្រៃដែលទុំហើយ មានសណ្ឋានវែង ។ បទថា ផលេយ្យ សេចក្តីថា ស្ងួតដោយកម្តៅ ហើយបែក ។ បទថា សាលមូលេ បានដល់ ក្បែរដើមរាំងភ្នំ ។ បទថា សន្តាសំ អាបជ្ជេយ្យ សេចក្តីថា រមែង ដល់នូវការតក់ស្លុត ព្រោះហេតុអ្វី ព្រោះខ្លាចការវិនាសទៅនៃទីលំនៅ ព្រោះថា ផ្លែជ្រៃដែលធ្លាក់ទៅត្រង់ដើមឈើ កើតឡើងហើយអំពីពូជ រមែងវារ ឡើងដើមឈើ ។