កោសម្ពិយសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ទៀបក្រុងកោសម្ពី ។ ក៏សម័យនោះឯង ពួកភិក្ខុ ក្នុងក្រុងកោសម្ពីបង្កហេតុឈ្លោះទាស់ទែងគ្នា ចាក់ដោតគ្នានិងគ្នាដោយ លំពែង គឺមាត់ ពួកភិក្ខុទាំងនោះ មិនញ៉ាំងគ្នានិងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នា នូវសេចក្តីសុខចិត្តផង មិនញ៉ាំងគ្នានិងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តី យល់ព្រមផង ។ គ្រានោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះមានព្រះភាគ លុះ ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុក្នុងនគរកោសម្ពីនេះ បង្កហេតុ ឈ្លោះទាស់ទែងគ្នា ចាក់ដោតគ្នានិងគ្នាដោយលំពែង គឺ មាត់ ភិក្ខុទាំងនោះ មិនញ៉ាំងគ្នានិងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញ៉ាំង គ្នានិងគ្នាឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តីយល់ព្រមផង ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមកនេះ អ្នកចូរហៅភិក្ខុទាំងឡាយនោះ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅ លោកមានអាយុទាំងឡាយ ។ ភិក្ខុនោះ បានទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមាន ព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកពួកភិក្ខុទាំងនោះ លុះ ចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តាទ្រង់