អដ្ឋកថា កោសម្ពិយសូត្រទី ៨

ក្បាលទី 15 · ទំព័រ 573

កោសម្ពិយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា កោសម្ពិយំ សេចក្តីថា ជិតព្រះនគរមាន ឈ្មោះយ៉ាងនេះ ។ បានឮថា មានដើមក្រចកស្ទាំងយ៉ាងក្រាស់ក្នុងទីមានសួន និងស្រះបោក្ខរណីនោះៗ នៃព្រះនគរនោះ ព្រោះដូច្នោះ ព្រះនគរនោះ បាន ដល់នូវការរាប់ថា កោសម្ពី ។ អាចារ្យពួកខ្លះពោលថា ឈ្មោះថា កោសម្ពី ព្រោះឥសីឈ្មោះ កុសម្ពៈ ឲ្យសាងមិនឆ្ងាយអំពីអាស្រម ។ បទថា ឃោសិតារាមេ បានដល់ អារាមដែលឃោសិតសេដ្ឋី ឲ្យសាង ។ បានឮថា ក្នុងកាលមុនមានដែនឈ្មោះថា អទិលៈ លំដាប់នោះ មនុស្សក ្រីក្រម្នាក់ឈ្មោះ កោតុហលិកៈ ព្រោះកើតឆាតកភ័យ ទើបនាំបុត្រ និងភរិយា ទៅកាន់ដែនដែលកំណត់តាមភ្លឺស្រែ កាលមិនអាចនាំកូនទៅបាន ទើបចោល ហើយទៅ ។ ស្ត្រីជាម្តាយត្រឡប់មកពរកូននោះទៅ ។ ទាំង ២ នាក់នោះ ចូលទៅកាន់ផ្ទះអ្នកចិញ្ចឹមគោមួយខ្នង ។ ក្នុងកាលនោះ មនុស្សទាំងឡាយ បានចាត់ចែងមធុបាយាសយ៉ាងច្រើន ដើម្បីឲ្យគោទាំងឡាយ ប្តីប្រពន្ធទាំង ២ នាក់នោះ បានមធុបាយាសអំពីផ្ទះនោះបរិភោគហើយ ។ ខណៈនោះ កាល បុរសនោះបរិភោគមធុបាយាសច្រើន មិនអាចឲ្យរលួយបាន ស្លាប់កណ្តាល យប់ បដិសន្ធិជាកូនឆ្កែក្នុងពោះរបស់មេឆ្កែ ក្នុងផ្ទះនោះ ។ កូនឆ្កែនោះបានជា ទីស្រឡាញ់ ជាទីប្រោសប្រាណរបស់ម្ចាស់ ។ អ្នកចិញ្ចឹមគោបានទំនុកបម្រុង ព្រះបច្ចេកពុទ្ធមួយអង្គ ។ ព្រះបច្ចេកពុទ្ធកាលឆាន់ហើយ ក៏ឲ្យដុំបាយ មួយដុំដល់កូនឆ្កែនោះ ។ កូនឆ្កែធ្វើសេចក្តីស្រឡាញ់ឲ្យកើតក្នុងព្រះបច្ចេកពុទ្ធ ទៅបណ្ណសាលាជាមួយអ្នកចិញ្ចឹមគោ ។ កាលអ្នកចិញ្ចឹមគោមិនបានត្រៀម ខ្លួន កូនឆ្កែនោះក៏ទៅក្នុងវេលាឆាន់ដោយខ្លួនឯង ហើយព្រូសត្រង់ទ្វារបណ្ណសាលា ដើម្បីប្រាប់ភត្តកាល កាលឃើញ