កន្ទរកសូត្រទី ១

ក្បាលទី 15 · ទំព័រ 665

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ គង់នៅជិតឆ្នេរស្រះគគ្គរា ក្បែរក្រុងចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ។ សម័យនោះឯង បេស្សហត្ថារោហបុត្រ និងកន្ទរកបរិព្វាជក នាំគ្នាចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបេស្សហត្ថារោហបុត្រ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ ឯកន្ទរកបរិព្វាជក និយាយរាក់ទាក់ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររាក់ទាក់ និងពាក្យដែលគួររពឫកហើយ ឋិតនៅក្នុងទីដ៏សមគួរ ។ លុះកន្ទរកបរិព្វាជក ឋិតនៅក្នុងទីដ៏សមគួរហើយ ក្រឡេកមៀងមើលភិក្ខុសង្ឃ ដែលគង់នៅស្ងៀម ស្ងាត់ហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ ចម្រើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចម្រើន ចម្លែកណាស់ ព្រោះ ព្រះគោតមដ៏ចម្រើន បានប្រដៅភិក្ខុសង្ឃមានប្រមាណបុណ្ណេះ ឲ្យប្រតិបត្តិ ដោយល្អ បពិត្រព្រះគោតមដ៏ចម្រើន ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា មានហើយក្នុងអតីតកាល តើព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយ នោះ ប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមបុណ្ណេះ ដូចជាភិក្ខុសង្ឃដែល ព្រះគោតមដ៏ចម្រើនប្រដៅដោយល្អ ក្នុងកាលឥឡូវនេះដែរឬ បពិត្រព្រះគោតម ដ៏ចម្រើន មួយទៀត ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា នឹងមាន ក្នុងអនាគតកាល តើព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ នឹង ប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមបុណ្ណេះ ដូចជាភិក្ខុសង្ឃ ដែល ព្រះគោតមដ៏ចម្រើនប្រដៅដោយល្អក្នុងកាលឥឡូវនេះដែរឬ ។