អដ្ឋកថា អដ្ឋកនាគរសូត្រទី ២

ក្បាលទី 15 · ទំព័រ 710

បទថា អដ្ឋកនាគរោ ប្រែថា អ្នកអដ្ឋកនគរ ។ បទថា កុក្កុដារាមោ ប្រែថា អារាមដែលកុក្កុដសេដ្ឋីសាង ។ ក្នុងបាលីនេះថា តេន ភគវតា ។ បេ ។ អក្ខាតោ មានសេចក្តី សង្ខេបដូច្នេះ ព្រះមានព្រះភាគអង្គនោះ ទ្រង់បំពេញបារមី ៣០ ទ្រង់កាច់ បំបាក់កិលេសទាំងពួង ត្រាស់ដឹងអនុត្តរសម្ពោធិញ្ញាណ ដែលព្រះមានព្រះភាគ អង្គនោះ ទ្រង់ដឹងអធ្យាស្រ័យ និងអនុស័យរបស់សត្វនោះ ទ្រង់ឃើញ ញេយ្យធម៌ទាំងពួងនោះ ដូចផ្លែកន្ទួតព្រៃដែលដាក់លើបាតដៃ ។ ម្យ៉ាងទៀត ទ្រង់ដឹងដោយបុព្វេនិវាសញ្ញាណជាដើម ទ្រង់ឃើញដោយទិព្វចក្ខុ ឬទ្រង់ដឹង ដោយវិជ្ជា ៣ អភិញ្ញា ៦ ទ្រង់ឃើញដោយសមន្តចក្ខុ ដែលធម្មជាតណាមួយ មិនរារាំងក្នុងធម៌ទាំងពួង ។ ទ្រង់ដឹងដោយបញ្ញាដែលអាចដឹងធម៌ទាំងពួង ។ ទ្រង់ឃើញសត្វទាំងឡាយដែលកន្លងបង់នូវចក្ខុវិស័យនៃសត្វទាំងពួង ឬត្រង់ លំនៅ ឬដែលនៅក្រៅជញ្ជាំងផ្ទះជាដើម ដោយមំសចក្ខុដ៏បរិសុទ្ធក្រៃលែង ។ ទ្រង់ដឹងដោយបញ្ញា ដែលឲ្យសម្រេចប្រយោជន៍ចំពោះព្រះអង្គ ទ្រង់ឃើញ ដោយទេសនាបញ្ញា ដែលមានករុណាជាបទដ្ឋាន ឲ្យសម្រេចប្រយោជន៍ ដល់អ្នកដទៃ ។ ឈ្មោះថា ព្រះអរហន្ត ព្រោះទ្រង់កម្ចាត់សត្រូវចេញបាន និង ព្រោះគួរដល់សក្ការៈ មានបច្ច័យជាដើម ។ ឯឈ្មោះថា សម្មាសម្ពុទ្ធ ព្រោះត ្រាស់ដឹងសច្ចៈ ៤ ដោយប្រពៃ និងដោយព្រះអង្គឯង ។ ម្យ៉ាងទៀត ទ្រង់ ដឹងអន្តរាយិកធម៌ ទ្រង់ឃើញនិយ្យានិកធម៌ ជាព្រះអរហន្ត ព្រោះកម្ចាត់ សត្រូវ គឺកិលេស ជាព្រះសម្មាសម្ពុទ្ធ ព្រោះត្រាស់ដឹងធម៌ទាំងពួងដោយព្រះអង្គ ឯង សរុបសេចក្តីថា ព្រះអង្គត្រូវលើកសរសើរដោយហេតុ ៤ គឺ វេសារជ្ជធម៌ ៤ យ៉ាងនេះហើយ ទើបត្រាស់ថា ឯកោធម្មោ អក្ខាតោ ។