អដ្ឋកថា សេក្ខប្បដិបទាសូត្រទី ៣
សេក្ខសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា នវំ សន្ថាគារំ គឺសណ្ឋាគារដែលសាងស្រេច មកមិនយូរ អធិប្បាយថា សាលាធំមួយខ្នង ។ ពិតហើយ ក្នុងវេលារៀបចំ ក្បួនទទួលព្រះរាជាជាដើម គេចាត់របៀបការពារខេត្តយ៉ាងនេះ គឺពួកភ្នាក់ងារ ដែលនៅក្នុងទីនោះនៅខាងមុខបុណ្ណេះ នៅខាងក្រោយបុណ្ណេះ ចំហៀងៗ ជិះដំរី បុណ្ណេះ ជិះសេះបុណ្ណេះ ឈរលើរថបុណ្ណេះ ព្រោះដូច្នោះ ទើបទីនោះ គេ ហៅថា សណ្ឋាគារ ។ ម្យ៉ាងទៀត មនុស្សទាំងឡាយ មកអំពីទទួលព្រះរាជា ធ្វើការបូកលាបដោយអាចម៍គោស្រស់ជាដើម ត្រង់ផ្ទះទាំងឡាយដរាបណា ពួកស្តេចទាំងនោះ ក៏អនុគ្រោះនៅក្នុងទីនោះ ២-៣ ថ្ងៃដរាបនោះ ព្រោះ ដូច្នោះ ទើបទីនោះឈ្មោះថា សណ្ឋាគារ អាគារជាទីបញ្ជាការដោយខ្លួនឯង របស់ស្តេចទាំងនោះ ព្រោះដូច្នោះ ទើបអាគារនោះ ឈ្មោះថា សណ្ឋាគារ ពិតហើយ មនុស្សទាំងនោះជារាជាគណៈ ព្រោះដូច្នោះ កិច្ចដែលកើតឡើង ទើបដាច់ខាតដោយអំណាចព្រះរាជាមួយអង្គ គួរនឹងបានឆន្ទៈ ពេញចិត្តរបស់ ស្តេចទាំងអស់ ព្រោះដូច្នោះ ទើបស្តេចគ្រប់អង្គប្រជុំរៀបចំកិច្ចការក្នុងទីនោះ ដោយហេតុនោះ ទើបពោលថា អាគារជាទីចាត់ចែងការដោយខ្លួនឯង ព្រោះ ហេតុនោះ ទើបអាគារនោះ ឈ្មោះថា សណ្ឋាគារ តែស្តេចទាំងនោះប្រជុំគ្នា ក្នុងទីនោះ រមែងប្រឹក្សាគ្នាដល់កិច្ចការខាងឃរាវាស ដោយន័យជាដើមយ៉ាង នេះថា ពេលនេះ គួរភ្ជួរ ពេលនេះ គួរព្រោះ ព្រោះដូច្នោះ ស្តេចទាំងឡាយ រៀបចំកិច្ចការឃរាវាសជាចំណែកតូចៗ ក្នុងទីនោះ ព្រោះហេតុនោះ ទើប ឈ្មោះថា សណ្ឋាគារ ។ បទថា អចិរការិតំ ហោតិ គឺធ្វើស្រេចមិនយូរ ប្រៀបដូចទេពវិមានដែលតាក់តែងល្អហើយ ដោយការងារឈើ ការងារថ្ម និងការងារចិត្រកម្មជាដើម ។