អភយរាជកុមារសូត្រទី ៨

ក្បាលទី 15 · ទំព័រ 920

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្នុងក្រុងរាជគ្រឹះ ។ គ្រានោះ អភយរាជកុមារ ចូលទៅរកនិគន្ថនាដបុត្រ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ និគន្ថនាដបុត្រ រួចអង្គុយនៅក្នុងទីសមគួរ ។ និគន្ថនាដបុត្រ បាននិយាយនឹងអភយរាជកុមារ ដែលអង្គុយ នៅក្នុងទីសមគួរយ៉ាងនេះថា ម្នាលរាជកុមារទ្រង់ចូលមក ចូរទ្រង់លើកឡើង នូវវាទៈ គឺលើកវាទៈ ចំពោះព្រះសមណគោតម ទ្រង់នឹងមានកិត្តិសព្ទដ៏ពីរោះ ល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា អភយរាជកុមារ ហានលើកវាទៈនៃព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ។ អភយរាជកុមារសួរថា បពិត្រលោកដ៏ចម្រើន ខ្ញុំនឹងលើកវាទៈនៃព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយប្រការដូចម្តេច ។ និគន្ថនាដបុត្រឆ្លើយថា ម្នាលរាជកុមារ ទ្រង់ចូលមក ចូរទ្រង់ទៅរក ព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរពោលយ៉ាងនេះនឹងព្រះសមណគោតមថា បពិត្រព្រះអង្គដ៏ចម្រើន វាចាណាមិនជាទីស្រឡាញ់ មិនជាទីគាប់ ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគតគប្បីពោលវាចានោះដែរឬទេ ប្រសិនបើ ទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម នឹងដោះស្រាយយ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្តរបស់ជនទាំង- ឡាយដទៃ តថាគតគប្បីពោលវាចានោះដែរ ទ្រង់គប្បីពោលនឹងព្រះសមណគោតមយ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចម្រើន បើដូច្នោះ អំពើរបស់ព្រះអង្គ ផ្សេងអ្វីអំពីបុថុជ្ជន ព្រោះថា វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ ចិត្តរបស់ជនទាំងឡាយដទៃ បុថុជ្ជនក៏ពោលនូវវាចានេះដែរ ប្រសិនបើទ្រង់ សួរយ៉ាងនេះហើយ ព្រះសមណគោតមគង់នឹងដោះស្រាយយ៉ាងនេះថា ម្នាល រាជ