អបណ្ណកសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃច្រើន ក៏បានដល់ព្រាហ្មណគ្រាម ឈ្មោះសាលារបស់ពួកអ្នកកោសល ។ ពួក ព្រាហ្មណ៍ និងគហបតីអ្នកស្រុកសាលា ក៏និយាយគ្នាថា ម្នាលគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្យត្រកូលទ្រង់ព្រះផ្នួស ( ឥឡូវ ) ទ្រង់ពុទ្ធដំណើរទៅកាន់ចារិកក្នុងដែនកោសល មួយអន្លើដោយ ភិក្ខុសង្ឃដ៏ច្រើន បានមកដល់សាលគ្រាមហើយ ។ កិត្តិសព្ទដ៏ល្អ នៃព្រះគោតម ដ៏ចម្រើននោះ ឮខ្ចរខ្ចាយសុះសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គ នោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណរកបុគ្គលណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មានបាន ទ្រង់ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់បានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត ទ្រង់បានធ្វើឲ្យជាក់ច្បាស់ ដោយ ប្រាជ្ញា ចំពោះព្រះអង្គនូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សម្តែងនូវធម៌មានលម្អបទដើម បទ កណ្តាល និងបទចុង ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និង ព្យញ្ជនៈដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការដែលបានឃើញ បានចួបនឹង ព្រះអរហន្តទាំងឡាយមានសភាពដូច្នោះ ជាការប្រពៃណាស់ ។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតីអ្នកស្រុកសាលា ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ អ្នកខ្លះ