មហាមាលុង្ក្យវាទសូត្រទី ៤
ក្បាលទី 16 · ទំព័រ 67
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ បានចាំឱរម្ភាគិយសំយោជនៈទាំង ៥ ដែលតថាគត បានសម្តែងហើយដែរឬ ។ កាលដែលព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះ ហើយ ព្រះមាលុង្ក្យបុត្រមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំឱរម្ភាគិយសំយោជនៈទាំង ៥ ដែលព្រះមាន ព្រះភាគសម្តែងហើយ ។