អដ្ឋកថា ចូឡរាហុលោវាទសូត្រ

ក្បាលទី 16 · ទំព័រ 15

ចូឡរាហុលោវាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា អម្ពលដ្ឋិកាយំ វិហរតិ គឺ ព្រះរាហុលនៅក្នុងប្រាសាទឈ្មោះអម្ពលដ្ឋិកា គឺកាលគេសាងចំណែកសង្ខេប របស់ផ្ទះនេះ តាំងនៅខាងចុងវេឡុវនវិហារ ដើម្បីជាទីនៅនៃបុគ្គលត្រូវការ វិវេក ព្រះរាហុលចម្រើនវិវេកក្នុងប្រាសាទដែលមានឈ្មោះយ៉ាងនេះថា អម្ពលដ្ឋិកា ។ ឈ្មោះថា បន្លា រមែងស្រួចតាំងអំពីកំណើត ។ សូម្បីព្រះរាហុល នេះក៏យ៉ាងនោះ ចម្រើនវិវេកក្នុងទីនោះ កាលនៅជាសាមណេរ មានអាយុ ៧ ឆ្នាំ ។ បទថា បដិសល្លានា វុដ្ឋិតោ ព្រះមានព្រះភាគ យាងចេញអំពីទី ពួនសម្ងំ គឺទ្រង់ចេញអំពីផលសមាបត្តិ ។ បទថា អាសនំ គឺក្នុងទីនេះ ក៏មាន អាសនៈដែលក្រាលទុកជាប្រក្រតី ហើយព្រះរាហុល ក៏គង់បោសអាសនៈ នោះតាំងទុក ។ បទថា ឧទកាទានេ គឺភាជនៈដាក់ទឹក ។ បាឋៈថា ឧទកាធានេ ក៏មាន ។ បទថា អាយស្មន្តំ រាហុលំ អាមន្តេសិ ព្រះមាន ព្រះភាគត្រាស់ហៅព្រះរាហុល គឺត្រាស់ដើម្បីប្រទានឱវាទ ។ ពិតហើយ ព្រះមានព្រះភាគទ្រង់សម្តែងធម្មទេសនាទុកច្រើន ដល់ព្រះរាហុល ។ ព្រះអង្គ ត្រាស់សាមណេរប្បញ្ញាដល់ ព្រះថេរៈទុកដូចគ្នា ។ ម្យ៉ាងទៀត ព្រះអង្គ ត្រាស់រាហុលសំយុត្ត មហារាហុលោវាទសូត្រ ចូឡរាហុលោវាទសូត្រ រួម ទាំងអម្ពលដ្ឋិករាហុលោវាទសូត្រនេះចូលផងដែរ ។ ពិតហើយ ព្រះរាហុលនេះ កាលព្រះជន្ម ៧ ឆ្នាំ ទ្រង់ចាប់ជាយចីវរ ទូលសូមមត៌កនឹងព្រះមានព្រះភាគថា បពិត្រសមណៈ សូមទ្រង់ប្រទាន មត៌កដល់ខ្ញុំចុះ ។ ព្រះមានព្រះភាគ ទ្រង់ប្រគល់ឲ្យដល់ព្រះធម្មសេនាបតី សារីបុត្របំបួស ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ត្រិះរិះថា ឈ្មោះថា ក្មេងតែងពោលពាក្យដែលគួរនិងមិនគួរ តថាគតនឹងឲ្យឱវាទដល់រាហុល