មហារាហុលោវាទសូត្រទី ២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ។ ចំណែក ខាងព្រះរាហុលមានអាយុ ក៏ស្លៀកស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយដើរតាមក្រោយៗ ព្រះមានព្រះភាគ ។ ក្នុងសម័យនោះឯង ព្រះមាន ព្រះភាគ ទ្រង់ឆ្មៀងព្រះភក្ត្រត្រាស់ទៅនឹងព្រះរាហុលមានអាយុថា ម្នាលរាហុល រូបណាមួយ ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលជាអតីត អនាគត បច្ចុប្បន្ន រូបទាំងអស់នោះ ក៏គ្រាន់តែជារូប ( បុណ្ណោះឯង ) អ្នកគួរយល់ឃើញ នូវរូបនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះថា នុ៎ះមិនមែន របស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ ។ ព្រះរាហុល ក្រាបបង្គំសួរថា បពិត្រព្រះមានព្រះភាគ ( សេចក្តីនេះ ) មានតែរូប ម្យ៉ាងទេឬ បពិត្រព្រះសុគត ( សេចក្តីនេះ ) មានតែរូបម្យ៉ាងទេឬ ។ ព្រះមាន ព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបក៏មាន ម្នាលរាហុល វេទនា ក៏មាន ម្នាលរាហុល សញ្ញាក៏មាន ម្នាលរាហុល សង្ខារទាំងឡាយក៏មាន ម្នាលរាហុល វិញ្ញាណក៏មាន ។ គ្រានោះឯង ព្រះរាហុលមានអាយុគិតថា បាននរណាហ្ន៎ ( ជាវិញ្ញូបណ្ឌិត ) ដែលព្រះមានព្រះភាគទូន្មានហើយ ដោយដំបូន្មានផ្ទាល់ ព្រះឱស្ឋ នឹងចូលមកកាន់ស្រុក ដើម្បីបិណ្ឌបាតក្នុងថ្ងៃនេះទៅអេះ ដូច្នេះ ហើយ លោកក៏ត្រឡប់ថយចេញ អំពីសំណាក់ព្រះមានព្រះភាគនោះ ហើយ ទៅអង្គុយផ្គត់ភ្នែ