អដ្ឋកថា មហារាហុលោវាទសូត្រ
មហារាហុលោវាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា បិដ្ឋិតោ បិដ្ឋិតោ អនុពន្ធិ សេចក្តីថា ព្រះរាហុលបានតាមព្រះមានព្រះភាគទៅ អំពីខាងក្រោយខ្នង សេចក្តីថា ព្រះរាហុល មិនលះខ្សែភ្នែក តាមទៅពីក្រោយមិនដាច់រយៈ ដោយ ការតាមទៅគ្រប់ឥរិយាបថ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ឈានព្រះបាទ ទៅខាងមុខ ដោយភាពស្រស់ស្អាត ។ ព្រះរាហុលដើរតាមព្រះទសពលទៅក្នុង ទីនោះ ព្រះមានព្រះភាគទ្រង់ទៅត្រង់ កណ្តាលព្រៃសាលព្រឹក្ស មានផ្ការីក ស្គុសស្គាយ ទ្រង់រុងរឿងដូចដំរីដ៏ប្រសើរ ចុះប្រេង ចេញទៅដើម្បីកាន់ សមរភូមិ ។ ព្រះរាហុល រុងរឿងដូចកូនដំរី តាមទៅពីខាងក្រោយដំរី ដ៏ ប្រសើរនោះ ។ ព្រះមានព្រះភាគ ទ្រង់រុងរឿងដូចកេសរសីហរាជ ចេញអំពី គុហាកែវ ទៅស្វែងរកអាហារក្នុងពេលល្ងាច ។ ព្រះរាហុលភទ្ទរុងរឿង ដូចកូនសីហៈ ចេញដំណើរ តាមសីហមិគរាជ ។ ព្រះមានព្រះភាគ ដូចស្តេចខ្លាធំមានចង្កូមជាកម្លាំង កំពុងចេញអំពីព្រៃសណ្ឌមណីបព៌ត ដ៏មាន បឫក្ស ព្រះរាហុលភទ្ទ ដូចកូនស្តេចខ្លាធំ ជាប់តាមស្តេចខ្លាធំទៅ ។ ព្រះមាន ព្រះភាគដូចស្តេចគ្រុឌ ចេញអំពីស្រះសិម្ពលី ព្រះរាហុលភទ្ទ ដូចកូនស្តេច គ្រុឌ តាមទៅអំពីក្រោយស្តេចគ្រុឌ ។ ព្រះមានព្រះភាគ ដូចស្តេចហង្ស បណ្តែតខ្លួនទៅលើវេហាស៍អំពីភ្នំចិត្តកូដ ព្រះរាហុលភទ្ទដូចកូនហង្សបណ្តែត ខ្លួនលយលឿនតាមស្តេចហង្សទៅកាន់ស្រះធំ ព្រះរាហុលភទ្ទដូចកូនទូកមាស ជាប់តាមពីក្រោយមហានាវាមាសនោះ ។ ព្រះមានព្រះភាគ ដូចស្តេចចក្រពត្តិ ទៅកាន់លម្អមេឃដោយអានុភាពចក្រកែវ ព្រះរាហុលភទ្ទដូចបរិនាយក កែវជាប់តាមស្តេចចក្រពត្តិទៅ ។ ព្រះមានព្រះភាគ ដូចមហាតារា អណ្តែត លើផ្ទៃមេឃដែលប្រាសចាកភ្