មហាមាលុង្កោវាទសូត្រទី ៤
ព្រះអង្គត្រាស់សួរថា ម្នាលមាលុង្ក្យបុត្រ ចុះ អ្នកចាំឱរម្ភាគិយសំយោជនៈ ៥ ដែលតថាគតសម្តែងហើយ ដូចម្តេចខ្លះ ។ មាលុង្ក្យបុត្រក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំថា សក្កាយទិដ្ឋិ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសម្តែងហើយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំថា វិចិកិច្ឆា ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសម្តែងហើយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំថា សីលព្វត្តបរាមាសៈ ជាឱរម្ភាគិយសំយោជនៈដែលព្រះមានព្រះភាគសម្តែងហើយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំថា កាមច្ឆន្ទៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសម្តែងហើយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំថា ព្យាបាទៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសម្តែងហើយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចាំបាននូវឱរម្ភាគិយសំយោជនៈទាំង ៥ ដែលព្រះមានព្រះភាគសម្តែងហើយ យ៉ាងនេះឯង ។ ព្រះអង្គត្រាស់ថា ម្នាលមាលុង្ក្យបុត្រ អ្នកចាំបាននូវឱរម្ភាគិយសំយោជនៈទាំង ៥ យ៉ាងនេះ ដែលតថាគតបានសម្តែងហើយ ថាជា សំយោជនៈរបស់អ្នកណា ម្នាលមាលុង្ក្យបុត្រក្រែងពួកបរិព្វាជក ជាអន្យតិរ្ថិយ នឹងពោលប្រកួតប្រកាន់ ដោយសេចក្តីប្រកួតប្រកាន់ ដែលប្រៀបដោយកូនក្មេង តូចទេដឹង ម្នាលមាលុង្ក្យបុត្រ ដ្បិតកូនក្មេងតូចកំពុងដេកផ្ងារនៅឡើយ នឹងថាមានសក្កាយៈ មិនទាន់បានទេ តើសក្កាយទិដ្ឋិនឹងកើតឡើងដល់កូនក្មេង នោះ ដូចម្តេចបាន តែត្រង់សក្កាយទិដ្ឋានុស័យរបស់កូនក្មេងនោះ គង់ដេកនៅ ខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចីកំពុងដេកផ្ងារនៅឡើយ នឹងថាមាន ធម៌ មិនទាន់បានទេ តើសេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ នឹងកើតឡ