ភទ្ទាលិសូត្រទី

ក្បាលទី 16 · ទំព័រ 86

កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះភទ្ទាលិមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ខ្ញុំព្រះអង្គមិនអាចនឹងបរិភោគភោជន ដែលគួរបរិភោគ តែមួយ ពេលបានឡើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថាកាលបើខ្ញុំព្រះអង្គបរិភោគភោជន ដែលគួរបរិភោគ តែមួយពេលហើយ សេចក្តីរសាប់រសល់ក៏មាន សេចក្តីក្តៅក្រហាយ ក៏មាន ។ ព្រះអង្គត្រាស់ថា ម្នាលភទ្ទាលិ បើដូច្នោះ គេនិមន្តអ្នក ឆាន់ក្នុងទីណា អ្នកគប្បីបរិភោគតែបន្តិចបន្តួច ឬរំលែកយកមក បរិភោគតែ បន្តិចបន្តួច ក្នុងទីនោះ ម្នាលភទ្ទាលិ កាលបើអ្នកបរិភោគយ៉ាងនេះហើយក៏ គង់ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបាន ។ ភទ្ទាលិក្រាបបង្គំទូលថា សូមទ្រង់ ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាចនឹងបរិភោគយ៉ាងនេះបានឡើយ បពិត្រ ព្រះអង្គដ៏ចម្រើន ព្រោះថាកាលបើខ្ញុំព្រះអង្គបរិភោគយ៉ាងនេះហើយ សេចក្តី រសាប់រសល់ក៏មាន សេចក្តីក្តៅក្រហាយក៏មាន ។ គ្រាកាលដែលព្រះមាន ព្រះភាគ កំពុងបញ្ញត្តនូវសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទាននូវសិក្ខា ព្រះ ភទ្ទាលិមានអាយុ ក៏ក្រាបទូលនូវសេចក្តីមិនអាចធ្វើតាមបាន ។ លំដាប់នោះ ឯង ព្រះភទ្ទាលិមានអាយុ លែងឲ្យជួបព្រះភក្ត្រព្រះមានព្រះភាគ ពេញ ៣ ខែគត់ លែងបំពេញសិក្ខាក្នុងសាសនារបស់ព្រះសាស្តា ដោយដាច់ស្រឡះ ។ សម័យនោះឯង ភិក្ខុទាំងឡាយមានប្រមាណច្រើនរូប នាំគ្នា ធ្វើចីវរកម្ម ថ្វាយព្រះមានព្រះភាគ លុះព្រះមានព្រះភាគ មានចីវរសម្រេច ហើយ កន្លង ៣ ខែទៅ ព្រះអង្គបម្រុងនឹងស្តេចចេញទៅកាន់ចារិក ។ គ្រា នោះឯង ព្រះភទ្ទាលិមានអាយុ បានចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ ហើយ ក៏ពោលពាក្យរាក់ទាក់សំណេះសំណាល មួយអន្លើដោយពួក