លដុកិកោបមសូត្រទី ៦

ក្បាលទី 16 · ទំព័រ 127

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអាបណនិគមរបស់ពួកជនអង្គុត្តរាបៈ ក្នុងដែនឈ្មោះអង្គុត្តរាបៈ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់អាបណនិគមដើម្បីបិណ្ឌបាត ។ លុះព្រះអង្គស្តេចទៅ បិណ្ឌបាត ក្នុងអាបណនិគមហើយ ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយ ភត្ត ក៏ស្តេចចូលទៅត្រង់ដងព្រៃមួយ លុះចូលសំដៅទៅដល់ដងព្រៃនោះហើយ ទើបគង់សម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយដើម ។ ចំណែកខាងព្រះ ឧទាយីមានអាយុ ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់អាបណនិគម ដើម្បីបិណ្ឌបាត ក្នុងវេលាព្រឹកព្រហាមដែរ ។ លុះលោកទៅបិណ្ឌបាត ក្នុងអាបណនិគមហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ ចូលទៅរកដងព្រៃមួយ លុះចូលទៅសំដៅទៅកាន់ដងព្រៃនោះហើយ ទើប អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយដើម ។ កាលដែលព្រះឧទាយី មានអាយុ នៅក្នុងទីស្ងាត់ កំពុងតែសម្ងំ ក្នុងផលសមាបត្តិ ក៏មានសេចក្តី ត្រិះរិះក្នុងចិត្តកើតឡើង យ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់ កម្ចាត់បង់នូវធម៌ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់ ប្រកបនូវធម៌ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់កម្ចាត់ បង់នូវធម៌ជាអកុសលច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់ ប្រកបនូវធម៌ជាកុសលច្រើនយ៉ាង ។ គ្រានោះឯង ព្រះឧទាយីមានអាយុចេញ អំពីផលសមាបត្តិ ក្នុងវេលាថ្ងៃរសេលោហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទី សមគួរ ។