អដ្ឋកថា លដុកិកោបមសូត្រ

ក្បាលទី 16 · ទំព័រ 147

លដុកិកោបមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា យេន សោ វនសណ្ឌោ សេចក្តីថា ព្រះមហាឧទាយិត្ថេរនេះ ចូលទៅបិណ្ឌបាតជាមួយព្រះមានព្រះភាគ ហើយ ចៀសចេញទៅជាមួយព្រះមានព្រះភាគនោះ ។ ព្រោះដូច្នោះ គប្បីជ្រាបថា ព្រះមហាឧទាយិត្ថេរចូលទៅកាន់ដងព្រៃ ដែលព្រះមានព្រះភាគ គប្បីយាង ចូលទៅ ។ បទថា អបហត្តា គឺនាំចេញទៅ ។ បទថា ឧបហត្តា គឺនាំចូល ទៅ ។ បទថា បដិសល្លានា វុដ្ឋិតោ ព្រះមហាឧទាយី ចេញអំពីទីសម្ងំ គឺចេញអំពីផលសមាបត្តិ ។ បទថា យំ ភគវា សេចក្តីថា ក្នុងសម័យណាព្រះមានព្រះភាគ ។ បទថា ឥង្ឃ ជានិបាត ចុះក្នុងការបញ្ជា ។ បទថា អញ្ញថត្តំ សេចក្តីថា ភាពដែលពេញចិត្តដទៃថា អញមិនបានភោជនដ៏ប្រណីតបែប នេះ ព្រោះអាស្រ័យព្រះមានព្រះភាគអង្គនោះ នឹងញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ បានដូចម្តេច ដោយប្រការដូច្នេះ គប្បីជ្រាបថា ព្រោះអាស្រ័យលាភ គឺភោជនដ៏ប្រណីត ទើបរស់នៅបាន ។ ដោយបទថា ភូតបុព្វំ នេះ ព្រះឧទាយិត្ថេរ សម្តែងនូវភោជនដែលជា របស់ប្រណីតក្នុងវេលារាត្រី ។ បទថា សូបេយ្យំ សេចក្តីថា របស់គួរដល់ សម្ល បានដល់ ត្រី សាច់ និងទំពាំងជាដើម គួរនាំទៅស្ល ។ បទថា សមគ្គា ភុញ្ជិស្សាម សេចក្តីថា បរិភោគរួមគ្នា ។ បទថា សង្ខតិយោ គឺរបស់ទំពា សម្រាប់ចម្អិនបរិភោគ ។ បទថា សព្វា តា រត្តឹ គឺរបស់ទំពាសម្រាប់ចម្អិន បរិភោគទាំងអស់នោះ រមែងមានរសក្នុងពេលយប់ ។ តែពេលថ្ងៃមានរស តិចតួច ។ ព្រោះពេលថ្ងៃមនុស្សទាំងឡាយញ៉ាំងជីវិតឲ្យប្រព្រឹត្តទៅ ដោយ បបរលាយបាយជាដើម ពេលយប់ រមែងបរិភោគ តាមចំណែកដែលដល់ តាមសតិ តាមការប្រណីត ។