ចូឡវច្ឆគោត្តសូត្រទី ១
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់ នៅក្នុងគូដារសាលានាមមហាវ័ន ទៀបក្រុងវេសាលី ។ សម័យនោះ វច្ឆគោត្តបរិព្វាជក អាស្រ័យនៅក្នុងអារាមរបស់បរិព្វាជក ដែលមានដើមស្វាយ ស មួយដើម ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យស្តេចចូលទៅកាន់ក្រុងវេសាលីដើម្បីបិណ្ឌបាត ។ លំដាប់ នោះ ព្រះមានព្រះភាគ បានទ្រង់ព្រះតម្រិះយ៉ាងនេះថា ការត្រាច់ទៅបិណ្ឌបាតក្នុងក្រុងវេសាលី នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែតថាគតឆៀងចូលទៅ រកបរិព្វាជកឈ្មោះវច្ឆគោត្តឯអារាមរបស់បរិព្វាជក ដែលមានដើមស្វាយ សមួយដើមសិន ។ លុះព្រះមានព្រះភាគ ស្តេចចូលទៅរកវច្ឆគោត្តបរិព្វាជក ឯអារាមរបស់បរិព្វាជក ដែលមានដើមស្វាយស មួយដើមហើយ ។ វច្ឆគោត្តបរិព្វាជក បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះ ឃើញហើយ បានក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សូមព្រះមានព្រះភាគស្តេចមកចុះ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមាន ព្រះភាគស្តេចមកជាការប្រពៃហើយ បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គខាន ធ្វើដំណើរមកក្នុងទីនេះ អស់កាលយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូម ព្រះមានព្រះភាគស្តេចគង់ នេះអាសនៈ ខ្ញុំព្រះអង្គក្រាលស្រេចហើយ ។ ព្រះមានព្រះភាគ ក៏គង់លើអាសនៈ ដែលបរិព្វាជកក្រាលថ្វាយ ។ ចំណែកឯ វច្ឆគោត្តបរិព្វាជក ក៏កាន់យកអាសនៈដ៏ទាបមួយ អង្គុយក្នុងទីដ៏សមគួរ ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាប ទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន រឿងនេះខ្ញុំព្រះអង្គ បានស្តាប់មកថា ព្រះសមណៈគោតម ព្រះអង្គជាសព្វញ្ញូ ព្រះអង្គជ្រាបនូវ ធម៌ទាំងពួង ទ