អដ្ឋកថា អគ្គិវច្ឆគោត្តសូត្រ

ក្បាលទី 16 · ទំព័រ 270

[ ៥-៦ ] អគ្គិវច្ឆគោត្តសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ន ខោ អហំ សេចក្តីថា តថាគត មិនបានឃើញយ៉ាងនោះ គឺ ព្រះមានព្រះភាគត្រាស់ដំបូងថា តថាគតមិន ឃើញថា លោកទៀង ។ ក្នុងគ្រាទី ២ ត្រាស់ថា តថាគតមិនឃើញថា លោកដាច់សូន្យ ។ គប្បីជ្រាបការបដិសេធក្នុងគ្រប់វារៈ ដោយពាក្យជាដើម ថា លោកមានទីបំផុត និងមិនមានទីបំផុត ដោយប្រការដូច្នេះ ។ វាទៈនេះថា ហោតិ ច ន ច ហោតិ ថាជាឯកច្ចសស្សតវាទ ក្នុងទីនេះ ។ វាទៈនេះថា សត្វស្លាប់ទៅហើយមាន ក៏មិនមែន មិនមានក៏មិនមែន គប្បីជ្រាប ថា ជាអមរាវិក្ខេប គឺបោះពាក្យបោះសម្តីមិនឲ្យស្លាប់ខ្លួន ។ បទថា សទុក្ខំ សេចក្តីថា ប្រព្រឹត្តទៅជាមួយទុក្ខ គឺប្រព្រឹត្តទៅ ដោយទុក្ខ ដោយទុក្ខដែលកើតអំពីកិលេស និងដោយទុក្ខដែលកើតអំពីវិបាក ។ បទថា សវិឃាតំ សេចក្តីថា ប្រព្រឹត្តទៅដោយសេចក្តីលំបាក គឺប្រកបដោយ សេចក្តីលំបាក ដោយអំណាចនៃទុក្ខទាំង ២ យ៉ាងនោះ ។ បទថា សឧបយាសំ សេចក្តីថា ប្រកបដោយការចង្អៀតចង្អល់ គឺប្រព្រឹត្តទៅជាមួយ ការចង្អៀតចង្អល់ដោយអំណាចទុក្ខទាំងនោះ ។ បទថា សបរិឡាហំ សេចក្តីថា ប្រព្រឹត្តទៅដោយការក្តៅក្រហាយ ដោយអំណាចនៃទុក្ខទាំងនោះ ឯង ។ បទថា កិញ្ចិ ទិដ្ឋិគតំ សេចក្តីថា វច្ឆៈទូលសួរថា ការឃើញ ណាមួយ ដែលព្រះអង្គទ្រង់ពេញចិត្ត ទ្រង់ពេញចិត្តហើយកាន់យក មានឬ ។ បទថា អបនីតំ សេចក្តីថា តថាគតកម្ចាត់ហើយ មិនចូលទៅរកហើយ ។ បទថា ទិដ្ឋំ គឺឃើញដោយបញ្ញា ។ បទថា តស្មា គឺតថាគតបានឃើញ ការកើត និងការសូន្យទៅនៃខន្ធ ៥ ។ បទថា សព្វមញ្ញិតានំ គឺសេចក្តី សម្គាល់ ដោយតណ្ហា ទិដ្ឋិ និងមានះ ទាំង ៣ ។