មាគណ្ឌិយសូត្រទី ៥
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់លើកម្រាលស្មៅ ក្នុងរោងសម្រាប់បូជាភ្លើងរបស់ព្រាហ្មណ៍ ឈ្មោះ ភារទ្វាជគោត្ត ក្នុងកម្មាសធម្មនិគម របស់ពួកជនកុរុ ក្នុងដែនកុរុ ។ លំដាប់ នោះ ព្រះមានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ហើយស្តេចចូលទៅកាន់ កម្មាសធម្មនិគម ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ ។ លុះចូលទៅ បិណ្ឌបាត ក្នុងកម្មាសធម្មនិគមហើយ ត្រឡប់មកពីបិណ្ឌបាតក្នុងបច្ឆាភត្ត ក៏ ស្តេចតម្រង់ចូលទៅកាន់ដងព្រៃ ១ ទ្រង់អាស្រ័យដងព្រៃនោះ ដើម្បីសម្រាក ក្នុងវេលាថ្ងៃ ហើយគង់ទៀបគល់ឈើ ១ ដើមក្នុងវេលាថ្ងៃ ។ គ្រានោះ មាគណ្ឌិយបរិព្វាជក កំពុងចង្រ្កមត្រាច់ដើរទៅមក ដើម្បីសម្រាកកម្លាំងស្មង ក៏ចូលទៅកាន់រោងសម្រាប់បូជាភ្លើង របស់ភារទ្វាជ គោត្តព្រាហ្មណ៍ ។ មាគណ្ឌិយបរិព្វាជក បានឃើញកម្រាលស្មៅក្នុងរោង សម្រាប់បូជាភ្លើង របស់ភារទ្វាជគោត្តព្រាហ្មណ៍ លុះឃើញហើយ ទើបនិយាយ នឹងភារទ្វាជគោត្តព្រាហ្មណ៍យ៉ាងនេះថា នែសម្លាញ់ កម្រាលស្មៅថ្មីនេះដែល ភារទ្វាជគោត្តឯងក្រាលទុកក្នុងរោងសម្រាប់បូជាភ្លើង បម្រុងអ្នកណា ទំនង គួរជាទីសប្បាយរបស់សមណទេដឹង ។ ម្នាលមាគណ្ឌិយដ៏ចម្រើន មានសមណ ជាគោតមគោត្ត ជាសក្យបុត្តចេញចាកសក្យត្រកូលបួស កិត្តិសព្ទដ៏ល្អនៃ ព្រះគោតមដ៏ចម្រើននោះ ឮខ្ចរខ្ចាយសុះសាយទៅយ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ចំពោះព្រះអង្គដោយប្រពៃ ព្រះអង្គបរិបូណ៌ដោយ វិជ្ជានឹងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គ មានព្រះដំណើរល្អទៅកាន់ព្រះនិព្វាន ព្រះអង្គជ្រាបច្បាស់ន