អដ្ឋកថា សន្ទកសូត្រ

ក្បាលទី 16 · ទំព័រ 385

សន្ទកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា បិលក្ខគុហាយំ សេចក្តីថា ត្រង់ទ្វារគុហានោះ មានដើមលៀប ព្រោះដូច្នោះទើបឈ្មោះថា បិលក្ខគុហា ។ បទថា បដិសល្លានា វុដ្ឋិតោ គឺចេញចាកវិវេក ។ បទថា ទេវកតសោព្ភោ គឺ ស្រះធំកើតក្នុងទីដែលត្រូវទឹកភ្លៀងច្រោះ ។ បទថា គុហា ក្នុងបទថា គុហាទស្សនាយ សេចក្តីថា ដើម្បីមើលគុហានោះ ជាគុហាពេញដោយធូលី ។ គុហានោះ បាននៅក្នុងទីដែលផុតទឹក ជាទីទួល ។ ជនទាំងឡាយធ្វើឧម្មង្គ ហើយនាំដង្គត់ឈើ និងធូលីចេញ លើកសសរទុកខាងក្នុង ខាងលើប្រក់ ដោយក្តារ ធ្វ្វើជាផ្ទះម្តងម្កាល ។ ពួកបរិព្វាជកទាំងនោះនៅក្នុងគុហានោះ ។ គុហានោះ ក្នុងរដូវភ្លៀងមានទឹកដក់ពេញ ។ សូម្បីរដូវប្រាំង បរិព្វាជកនាំគ្នា ទៅនៅក្នុងគុហានោះ ព្រះអានន្ទពោលថា គុហាទស្សនាយ សំដៅដល់ គុហានោះ ។ ពិតហើយ ការទៅដើម្បីមើលវិហារ ឬដើម្បីមើលសមុទ្រ និងភ្នំ ព្រោះពិចារណាដល់សង្សារវដ្ត ដែលមិនមានខាងដើម និងទីបំផុត ដែលបុគ្គលតាមដឹងមិនបានហើយ រមែងគួរ ។ បទថា ឧន្នាទិនិយា គឺបន្លឺ សំឡេងអូអារ ។ តិរច្ឆានកថានោះផ្សាយសំឡេងយ៉ាងនេះ ជាសំឡេងខ្លាំង ផ្សាយទៅកាន់ទិសទាំងឡាយ ។ ព្រោះហេតុនេះ ទើបឈ្មោះថា ឧច្ចាសទ្ទមហាសទ្ទោ ។ បរិព្វាជកទាំងនោះក្រោកឡើងអំពីព្រលឹម ហើយធ្វើ ចេតិយវត្ត ពោធិវត្ត អាចរិយវត្ត ឧបជ្ឈាយវត្ត ឬយោនិសោមនសិការ មិនមានឡើយ ។ ពួកគេក្រោកឡើងអំពីព្រលឹម លុះដល់ពេលថ្ងៃ ប្រជុំគ្នា ពេលល្ងាចប្រជុំសន្ទនាគ្នាដើម្បីរកការសប្បាយ ។ ផ្តើមជជែកដល់រឿងដៃ និងជើងជាដើមនៃគ្នានិងគ្នាយ៉ាងនេះថា ដៃរបស់អ្នកនេះស្អាត ជើងរបស់អ្នក នេះស្អាត ឬជជែកដល់ពណ៌សម្បុររបស់ស្រី ប្រុស ក្មេងស្រី និងក្មេងប្