មហាសកុលុទាយិសូត្រទី ៧
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក៏សម័យ នោះឯង មានពួកបរិព្វាជកជាច្រើន សុទ្ធតែមានកេរ្តឈ្មោះល្បីល្បាញ នៅ អាស្រ័យក្នុងបរិព្វាជការាម ជាមោរនិវាបស្ថាន ( កន្លែងសម្រាប់ឲ្យចំណី ដល់ពួកសត្វក្ងោក ) បរិព្វាជកទាំងនោះគឺ អន្នភារៈបរិព្វាជក ១ វរតរបរិព្វាជក ១ សកុលុទាយិបរិព្វាជក ១ និងពួកបរិព្វាជកដទៃទៀត សុទ្ធតែ មានកេរ្តឈ្មោះល្បីល្បាញ ។ លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ ស្បង់ប្រដាប់បាត្រនិងចីវរ ចូលទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ក្នុងវេលា បុព្វណ្ហសម័យ ។ ទើបព្រះមានព្រះភាគទ្រង់បរិវិតក្កៈយ៉ាងនេះថា ការត្រាច់ ទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះព្រឹកណាស់នៅឡើយ បើដូច្នោះគួរតែតថាគត ចូលទៅរកសកុលុទាយិបរិព្វាជក ឯបរិព្វាជការាម ជាមោរនិវាបស្ថានសិន ។ ហើយក៏ព្រះមានព្រះភាគទ្រង់ពុទ្ធដំណើរចូលសំដៅទៅឯបរិព្វាជការាម មោរនិវាបស្ថាន ។ ក៏សម័យនោះឯង សកុលុទាយិបរិព្វាជក កំពុងអង្គុយជាមួយនឹង បរិព្វាជកបរិសទ្យជាច្រើន ដែលគឹកកងមានសំឡេងហោ សំឡេងខ្លាំង កំពុងតែនិយាយនូវតិរច្ឆានកថាផ្សេងៗជាច្រើន គឺរាជកថា ចោរកថា មហាមត្តកថា សេនាកថា ភយកថា យុទ្ធកថា អន្នកថា បានកថា វត្ថកថា សយ- នកថា មាលាកថា គន្ធកថា ញាតិកថា យានកថា គាមកថា និគមកថា នគរកថា ជនបទកថា ឥត្ថីកថា សូរកថា វិសិខាកថា កុម្ភដ្ឋានកថា កុម្ភទាសីកថា បុព្វបេតកថា មានត្តកថា លោកក្ខាយិកកថា សមុទ្ទក្ខាយិកកថា ឥតិភវាភវកថា ដូច្នេះខ្លះ ដូច្នោះខ្លះ ។ សកុលុទាយិបរិព្វាជក បានឃើញ ព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏បញ្ឈប់បរិសទ្យ របស់ខ្លួនថា អ្