អដ្ឋកថា មហាសុកុលុទាយិសូត្រ
មហាសកុលុទាយិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា មោរនិវាបេ គឺក្នុងទីនោះ ជន ទាំងឡាយ បានប្រកាសឲ្យអភ័យដល់ក្ងោកទាំងឡាយ ហើយបានឲ្យអាហារ ព្រោះដូច្នោះ ទើបទីនោះឈ្មោះថា មោរនិវាប ជាទីឲ្យចំណីដល់សត្វក្ងោក ។ បទថា អន្នភរោ ជាឈ្មោះរបស់បរិព្វាជកម្នាក់ ដូចវរតរៈ ក៏ជាឈ្មោះ បរិព្វាជកដូចគ្នា ។ បទថា អញ្ញេ ច មិនមែនត្រឹមតែបរិព្វាជក ៣ នាក់នោះ បុណ្ណោះទេ សូម្បីបរិព្វាជកដទៃៗ ដែលមានកិត្តិសព្ទក៏មានច្រើន ។ ក្នុងបទថា អបសទ្ទស្ស វណ្ណវាទី សេចក្តីថា ព្រះសមណ គោតមទ្រង់ពោលសរសើរគុណនៃសំឡេងតិច ។ លោកមិនពោលថា អប្បសទ្ទវិនីតោ ( ទូន្មានឲ្យមានសំឡេងតិច ) ទើប ពោលបទនេះ ។ ព្រោះហេតុអ្វី ព្រោះព្រះមានព្រះភាគទ្រង់មិនបានទូន្មានអ្នកដទៃ ។ បទថា បុរិមានិ គឺថ្ងៃមុនៗ សំដៅដល់ ម្សិលមិញនេះ ។ ក្រោយអំពីនោះ គឺក្រោយអំពីថ្ងៃម្សិលមិញ ។ មិនមានសាលាចំពោះ ទើប ឈ្មោះថា កុតូហលសាលា គឺសាលាផ្សាយដំណឹង ។ សាលាដែលពួកតិ រ្ថិយផ្សេងៗ និងសមណព្រាហ្មណ៍ប្រជុំសន្ទនាគ្នាច្រើនយ៉ាង លោកហៅថា កុតូហលសាលា ព្រោះជាទីផ្សាយដំណឹងនៃជនជាច្រើនថា បុគ្គលនេះនិយាយ អ្វី បុគ្គលនេះនិយាយដូចម្តេច ។ បាឋៈថា កោតូហលសាលា ក៏មាន ។ បទថា លាភា សេចក្តីថា នេះជាលាភរបស់អ្នកដែនអង្គៈ មគធៈ ដែលបាន ឃើញសមណព្រាហ្មណ៍ សួរប្រស្នា ឬស្តាប់ធម្មកថារបស់សមណព្រាហ្មណ៍ ទាំងនោះ ។ គប្បីជ្រាបអត្ថក្នុងបទថា សង្ឃិនោ ជាដើម ដូចតទៅនេះថា ឈ្មោះថា សង្ឃិនោ ព្រោះមានពួក គឺគណៈបព្វជិត ។ ឈ្មោះថា គណិនោ ព្រោះ មានគណៈនោះឯង ។