អដ្ឋកថា សមណមុណ្ឌកសូត្រ
សមណមុណ្ឌិកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា ឧគ្គាហមានោ បរិព្វាជក ឈ្មោះថា ឧគ្គាហមានៈ ឈ្មោះដើមរបស់បរិព្វាជកនោះ សុមនៈ តែព្រោះរៀនវិជ្ជាច្រើន យ៉ាង ទើបជនទាំងឡាយតាំងឈ្មោះថា ឧគ្គាហមានៈ ។ ឈ្មោះថា សមយប្បវាទកំ ព្រោះជាទីប្រជុំសម្តែងលទ្ធិ ។ បានឮថា ក្នុងទីនោះ ពួកព្រាហ្មណ៍ ផ្តើមដោយ ចង្កីព្រាហ្មណ៍ តារុក្ខព្រាហ្មណ៍ និង បេក្ខរសាតិព្រាហ្មណ៍ និគ្រន្ថ និងពួកបព្វជិត មានអចេលក៍ និងបរិព្វាជកជាដើម ប្រជុំ ប្រកាស សន្ទនា សម្តែងលទ្ធិរៀងៗ ខ្លួន ព្រោះដូច្នោះ ទើបអារាមនោះហៅថា សមយប្បវាទកៈ ។ សាលាឈ្មោះ តិណ្ឌុកាចីរ ព្រោះព័ទ្ធដោយជួរដើមទន្លាប់ ។ ព្រោះក្នុងទីនេះកាលដើមឡើយមានសាលាមួយខ្នង ក្រោយមក ទើបធ្វើទុក ច្រើនទៀត ព្រោះអាស្រ័យបោដ្ឋបាទបរិព្វាជក ដែលជាអ្នកមានបុណ្យច្រើន ដូច្នោះ ទើបហៅថា ឯកសាលក ដោយបានឈ្មោះតាមសញ្ញាដល់សាលា មួយខ្នងនោះឯង ។ ឯកសាលកៈនោះ ជាសួនរបស់ព្រះរាជទេវីនៃព្រះបាទ បសេនទិកោសល ឈ្មោះថា មល្លិកា ដេរដាសដោយផ្កា និងផ្លែឈើ ព្រោះ ធ្វើជាអារាម ទើបហៅថា អារាមរបស់ព្រះនាងមល្លិកា ។ ឧគ្គាហមាន បរិព្វាជក អាស្រ័យនៅក្នុងអារាមរបស់ព្រះនាងមល្លិកា ក្នុងនិគមតិណ្ឌុកាចីរៈ ដែលជាទីប្រជុំសម្តែងលទ្ធិនោះយ៉ាងសប្បាយ ។ បទថា ទិវាទិវស្ស គឺហួស វេលាត្រង់ឈ្មោះថា វេលារសៀល អធិប្បាយថា ឧគ្គហមានបរិព្វាជកចេញ ទៅក្នុងវេលាត្រង់ហួសទៅ ជាថ្ងៃនៃថ្ងៃនោះ ។ បទថា បដិសល្លីនោ គឺព្រះមាន ព្រះភាគទ្រង់សង្រួមចិត្តអំពីអារម្មណ៍ មានរូបជាដើមនោះៗ នៅសម្ងំ ដល់នូវភាពមួយអង្គឯង ដោយទ្រង់ត្រេកអរក្នុងឈាន ។ បទថា មនោភាវនីយានំ គឺអ្នកចម្រើនផ្លូវចិត្ត ។